Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមជាប្រទេសគោលដៅថ្មីសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត

វៀតណាមកំពុងពង្រឹងជំហររបស់ខ្លួន ដើម្បីក្លាយជាប្រទេសគោលដៅទាក់ទាញភ្ញៀវទេសចរណ៍វេជ្ជសាស្ត្រអន្តរជាតិ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនឥណ្ឌូឆាយណារីស៊ើច (Indochina Research) ប្រចាំនៅវៀតណាម ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារក្នុងតំបន់ឈានមុខគេ បានចេញផ្សាយរបាយការណ៍អំពីនិន្នាការនៃការប្រើប្រាស់សេវាកម្មវេជ្ជសាស្រ្តដោយជនជាតិបរទេសនៅប្រទេសវៀតណាម។

កំណើនទេសចរណ៍វេជ្ជសាស្រ្ដនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃប្រព័ន្ធវេជ្ជសាស្ត្រក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងជំរុញប្រទេសវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់មួយផងដែរ។ នៅពេលដែលភ្ញៀវទេសចរណ៍កាន់តែច្រើនបានជ្រើសរើសក្នុងការប្រើប្រាស់សេវាកម្មព្យាបាលនៅប្រទេសវៀតណាម ពួកគេក៏ចាំបាច់ត្រូវស្វែងយល់អំពីមន្ទីរពេទ្យល្បីៗ និងឈានមុខគេនៅក្នុងប្រទេសនេះ និងនិន្នាការថែទាំសុខភាពជារួមផងដែរ។

ជំនាញ និងបទពិសោធរបស់គ្រូពេទ្យ គឺជាកត្តាចម្បងសម្រាប់ភ្ញៀវបរទេស

ការស្ទង់មតិរបស់ក្រុមហ៊ុនឥណ្ឌូឆាយណារីស៊ើច បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យពីជនបរទេសជាង ៣០០ នាក់នៅទូទាំងទីក្រុងធំៗចំនួន ៤ រួមមានទីក្រុងហាណូយ ហូជីមិញ ដាណាង និងទីក្រុងកានថូ (Can Tho) ដោយប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវទាំងអនឡាញ និងអហ្វឡាញ។ ការស្ទង់មតិនេះបានផ្តោតលើជនបរទេសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅហើយធ្លាប់បានប្រើប្រាស់សេវាវេជ្ជសាស្រ្ត ឬធ្លាប់យល់ដឹងអំពីមន្ទីរពេទ្យនៅប្រទេសវៀតណាម។

យោងតាមការស្ទង់មតិបានរកឃើញថា មន្ទីរពេទ្យថែទាំសុខភាព Vinmec (Vinmec Healthcare System) គឺជាកន្លែងព្យាបាលដែលជនបរទេសភាគច្រើននៅក្នុងប្រទេសវៀតណាមបានទទួលស្គាល់។ រូបភាពដោយមន្ទីរពេទ្យ Vinmec

លទ្ធផលស្រាវជ្រាវបានបង្ហាញថា នៅពេលជ្រើសរើសមន្ទីរពេទ្យព្យាបាល អ្នកឆ្លើយសំណួរភាគច្រើនបានជ្រើសយកដោយផ្អែកលើជំនាញ និងបទពិសោធរបស់គ្រូពេទ្យជាចម្បង (៥៣%) បន្ទាប់មកគឺគុណភាពហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីពេទ្យ (៤៨%) និងសេវាថែទាំអ្នកជំងឺ (៤០%)។ ការជ្រើសយកចំណុចទាំងបីនេះទៅតាមលេខរៀង មានភាពស៊ីសង្វាក់គ្នានៅទូទាំងទីក្រុងដែលបានស្ទង់មតិទាំងអស់ និងមានការប្រែប្រួលតិចតួចប៉ុណ្ណោះសម្រាប់អ្នកនៅតាមតំបន់នីមួយៗ។

ការស្ទង់មតិនេះក៏បង្ហាញផងដែរថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ជនបរទេសភាគច្រើន (៨៨%) បានប្រើប្រាស់សេវាព្យាបាលជាចម្បងសម្រាប់ការពិនិត្យសុខភាព (៤៨%) ការថែទាំធ្មេញ (៣៩%) និងការពិគ្រោះយោបល់អំពីសុខភាពទូទៅ (៣៨%)។ ៨៧% នៃអ្នកឆ្លើយសំណួរសរុប បានលើកឡើងថា ក្នុងរយៈពេល ៦ ទៅ ១២ ខែខាងមុខ ពួកគេនឹងបន្តប្រើប្រាស់សេវាព្យាបាលរបស់ប្រទេសវៀតណាម ហើយក្នុងនោះ តម្រូវការច្រើនបំផុតគឺការថែទាំធ្មេញ (៥៩%) និងការពិនិត្យសុខភាពជាទៀងទាត់ (៥៨%) ។

គួរកត់សម្គាល់ថា តម្រូវការសេវាព្យាបាលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ។ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ប្រទេសវៀតណាមកំពុងមានភាពប្រកួតប្រជែង ដោយសារតែសេវាព្យាបាលមានតម្លៃសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យឯកជនមានភាពរឹងមាំ។ ទាំងនេះគឺជាកត្តាជំរុញដ៏សំខាន់ដល់ការរីកចម្រើននៃវិស័យទេសចរណ៍វេជ្ជសាស្រ្តនៅប្រទេសវៀតណាម។

តើមន្ទីរពេទ្យមួយណានៅប្រទេសវៀតណាមដែលជនបរទេសស្គាល់ច្រើនជាងគេ?

ការស្ទង់មតិបង្ហាញថា មន្ទីរពេទ្យថែទាំសុខភាពវិនម៉េក (Vinmec Healthcare System) គឺជាកន្លែងព្យាបាលដែលមានការទទួលស្គាល់ច្រើនបំផុតក្នុងចំណោមជនបរទេសនៅក្នុងប្រទេសវៀតណាម ពោលគឺមានការទទួលស្គាល់រហូតដល់ទៅ ៦៧% ដែលខ្ពស់ជាងមន្ទីរពេទ្យ និងគ្លីនិកដទៃទៀត។ ជាក់ស្តែង ការទទួលស្គាល់ម៉ាកយីហោរបស់ម​ន្ទីរពេទ្យ Vinmec បានជាប់ចំណាត់ថ្នាក់លេខ ១ នៅទីក្រុងហាណូយ (៨០%) និងទីក្រុងដាណាង (៧៨%) ដែលជាការឆ្លុះបញ្ចាំងពីគុណភាពខ្ពស់នៃសេវាព្យាបាលរបស់មន្ទីរពេទ្យ។

 

ក្នុងនាមជាមន្ទីរពេទ្យដែលមានប្រព័ន្ធវេជ្ជសាស្រ្តឈានមុខគេនៅវៀតណាម មន្ទីរពេទ្យ Vinmec តែងតែបន្តវិនិយោគលើបច្ចេកវិទ្យា បង្កើនជំនាញវេជ្ជសាស្រ្ត និងផ្ដល់ជូនដល់អ្នកជំងឺនូវបទពិសោធឱ្យកាន់តែប្រសើរ។ រូបភាពដោយមន្ទីរពេទ្យ Vinmec

ជាមន្ទីរពេទ្យព្យាបាលជំងឺលំដាប់កំពូលមួយក្នុងប្រទេសវៀតណាម Vinmec តែងតែបន្តវិនិយោគលើបច្ចេកវិទ្យា បង្កើនជំនាញវេជ្ជសាស្រ្ត និងផ្ដល់ជូនដល់អ្នកជំងឺនូវបទពិសោធកាន់តែប្រសើរ។ មន្ទីរពេទ្យនេះផ្តល់សេវាកម្មព្យាបាលជំងឺស្តង់ដារអន្តរជាតិ ដូចជាការពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅ ការព្យាបាលជំងឺឯកទេស រួមមានទាំងការព្យាបាលជំងឺមហារីក សរសៃឈាមបេះដូង និងសន្លាក់ឆ្អឹងជាដើម។

មន្ទីរពេទ្យ Vinmec គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនតូចក្នុងប្រទេសវៀតណាម ដែលទទួលបានការទទួល លំដាប់ពិភពលោកសម្រាប់មន្ទីរពេទ្យដែលមានគុណភាពខ្ពស់ និងផ្ដល់ជូននូវសុវត្ថិភាពដល់អ្នកជំងឺ ដោយគណៈកម្មការចម្រុះអន្តរជាតិ (Joint Commission International Accredition)។ បន្ថែមលើនេះ មជ្ឈមណ្ឌលព្យាបាលជំងឺសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យ Vinmec ក៏ជាមជ្ឈមណ្ឌលដំបូងគេនៅទ្វីបអាស៊ី ដែលទទួលស្គាល់ដោយមហាវិទ្យាល័យជំងឺបេះដូងអាមេរិក (American College Cardiology) សម្រាប់ការគ្រប់គ្រងជំងឺខ្សោយបេះដូង និងការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង។

មន្ទីរពេទ្យVinmec មានចំនួនពីរគឺ មន្ទីរពេទ្យអន្តរជាតិ Vinmec Times City (Vinmec Times City International Hospital) និងមន្ទីរពេទ្យអន្តរជាតិ Vinmec Central Park (Vinmec Central Park International Hospital) គឺជាសមាជិកនៃគ្លីនិក Cleveland Clinic Connected ដែលជាកម្មវិធីភ្ជាប់បណ្ដាញមន្ទីរពេទ្យជាសកលដោយគ្លីនិក Cleveland Clinic នៅសហរដ្ឋអាមេរិក។

លោកស្រី Le Thuy Anh នាយកប្រតិបត្តិមន្ទីរពេទ្យថែទាំសុខភាព Vinmec (Vinmec Healthcare System) បានមានប្រសាសន៍ថា៖ «ការដែលមន្ទីរពេទ្យ Vinmec ត្រូវបានសហគមន៍បរទេសនៅវៀតណាមជឿទុកចិត្ត​ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពសេវាកម្មព្យាបាលជំងឺរបស់យើង។ យើងបានប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមទៀតទៅលើបច្ចេកវិទ្យា ពង្រីកសេវាកម្ម និងពង្រឹងបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ ដើម្បីធ្វើឱ្យមន្ទីរពេទ្យ Vinmec ក្លាយជាមន្ទីរពេទ្យគោលដៅសំខាន់សម្រាប់ការថែទាំសុខភាពទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។»

អនាគតនៃទេសចរណ៍វេជ្ជសាស្រ្តនៅប្រទេសវៀតណាម

ជាមួយនឹងកំណើនតម្រូវការត្រួតពិនិត្យសុខភាព និងព្យាបាលជំងឺពីភ្ញៀវទេសចរបរទេស វៀតណាមក្លាយជាប្រទេសដែលមានសក្ដានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ តាមរយៈការផ្តល់ជូននូវសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដែលអាចទាក់ទាញអ្នកជំងឺអន្តរជាតិបានកាន់តែច្រើន។ ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យប្រើប្រាស់សេវាព្យាបាលនៅវៀតណាម បណ្ដាមន្ទីរពេទ្យ គ្លីនិក និងអ្នកពាក់ព័ន្ធ គួរពង្រឹងគុណភាពសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកជំងឺបរទេស ដើម្បីអាចរក្សាកំណើននេះទៅបាន។

ការស្ទង់មតិរបស់ក្រុមហ៊ុនឥណ្ឌូឆាយណារីស៊ើច បានរកឃើញពីនិន្នាការនៃវិស័យទេសចរណ៍វេជ្ជសាស្រ្ត និងផ្តល់នូវទិន្នន័យដ៏មានតម្លៃដែលមន្ទីរពេទ្យនានាអាចប្រើប្រាស់ក្នុងការពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការអ្នកជំងឺអន្តរជាតិឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងការវិវឌ្ឍនាពេលថ្មីៗនេះ វៀតណាមកំពុងមានសក្ដានុពលខ្លាំង ក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងទូទាំងសកលលោកដ៏ទាក់ទាញសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត៕