ភ្នំពេញ ៖ នាយប់ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ
ដោយបានទទួលព័ត៌មានបន្ទាន់ពីករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ស្វាយប៉ាកភ្លាម លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ,ក្រុមទូកពន្លត់ និងសង្គ្រោះអគ្គិភ័យសង្កាត់ច្រាំងចំរេះទី១ សហការជាមួយកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការអន្តរាគមន៍ពន្លត់ភ្លាមៗដោយមិនអោយរាលបន្ត។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤ឡាន ស្មើរនឹង៥៦ម៉ែត្រគូប, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុនសូគីមិច ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប និងកាណូតពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង។
ចំពោះសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ១០ម៉ែត្រ) ឆេះផ្ទះឈើថ្មក្រោមចំនួន០១ខ្នង ហើយបណ្តាលឲ្យឆេះរាលដាលដលផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នងអស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះចំនួន០៧ខ្នង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















