ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី







