ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសហភាពអឺរ៉ុបពង្រីកការគាំទ្រសេវាទឹកស្អាតសម្រាប់សហគមន៍ដែលមិនទាន់ទទួលសេវានេះ ដោយផ្តោតលើពលរដ្ឋនៅក្បែរតំបន់សេវា។
ក្នុងជំនួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុប នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុប ពិសេសក្នុងទម្រង់ជាជំនួយឥតសំណង ដើម្បីលុបបំបាត់គម្លាតសេវាសម្រាប់ពលរដ្ឋទាំងអស់។
ឯកឧត្តមក៏បានអំពាវនាវឱ្យសហភាពអ៊ឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការរៀបចំក្របខ័ណ្ឌគតិយុត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទឹកស្អាត។
សហភាពអឺរ៉ុបជាដៃគូដ៏រឹងម៉ាំមួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រការអភវិឌ្ឍរបស់កម្ពុជា។ ជាផ្នែកមួយនៃគាំទ្ររបស់ខ្លួន សហភាពអឺរ៉ុបក៏បានសន្យាផ្តល់ជំនួយឥតសំណងក្នុងការគាំទ្រការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញវិស័យទឹកស្អាតផងដែរ។
ក្រៅពីវិស័យទឹកស្អាត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហការសក្តានុពល ក្នុងការលើកកម្ពស់សមត្ថភាពនៃសេវាមន្ទីរពិសោធន៍របស់ជាតិ ស្តង់ដារូបនីយកម្ម និងការប្រើប្រាស់ថាមពលបៃតងក្នុងឧស្សាហកម្ម។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សហភាពអ៊ឺរ៉ុប ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងឧស្សាហកម្ម ជាមួយនឹងជំនួយឥតសំណងចំនួន ៦ លានអឺរ៉ូ។ ឯកឧត្តមបានលើកឡើងថា គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជានិន្នាការអនាគត សម្រាប់បរិវត្តកម្មឧស្សាហកម្មប្រកបដោយនិរន្តរភាព ខណៈដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៥។រក្សាសិទ្ធដោយ៖សុទ្ធលី









