Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រឹទ្ធសភា និងរដ្ឋសភា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១»នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកអង្គវេទិកាដ៏មានសារៈសំខាន់នេះ។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងស្មារតីនេះ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម វិស័យទឹកស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅការសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន៖
១. ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់
២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម
៣. ការអភិវឌ្ឍគុណវុឌ្ឍិ និងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
៤. ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
៥. ការពង្រឹងតួនាទីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុង វិស័យសាធារណៈ និងឯកជន
៦. ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ
៧. ការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័ន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផល បញ្ហាប្រឈមនិងទិសដៅរបស់ក្រសួងដែលមានអាណត្តិកិច្ចគ្របដណ្តប់លើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ព្រមទាំងវិស័យទឹកស្អាត។ ក្រសួងក៏មានភារកិច្ចក្នុងការដឹកនាំនិងសម្របសម្រួលយន្តការស្ថាប័នជាតិ តំបន់ និងអន្តរជាតិសំខាន់ៗមួយផងដែរដូចជា ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គណៈកម្មាធិការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចតែទិដ្ឋភាពរួមសំខាន់ៗមួយចំនួន ដែលក្រសួងបានខិតខំនិងសម្រេចបានក្នុងរយៈកាល ១៩ ខែ ដែលក្នុងនោះរួមមាន៖ ១) ការពង្រឹងលើកកម្ពស់សមត្ថភាព និងកែលម្អស្ថាប័ន ២) ការកែសម្រួលវិធីសាស្ត្រ និងអភិក្រមការងារដើម្បីសម្រេចយុទ្ធសាស្ត្រ ៣) ការសម្របសម្រួលអន្តរក្រសួងស្ថាប័ន និងពង្រឹងភាពជាដៃគូ ៤) ពង្រឹងសមត្ថភាពស្ថាប័ន ធនធានមនុស្ស ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពផលិតផល និងការទទួលស្គាល់ជាអន្តរជាតិ ។កសាងឧស្សាហកម្មប្រតិគមន៍និងអនុគមន៍ ជាពិសេសឧស្សាហកម្ម និងSMEs ក្នុងស្រុកដែលគាំទ្រដល់ការវិនិយោគផ្ទាល់ពីបរទេស កំពុងត្រូវបានជំរុញ និងកសាងឱ្យបានក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចទុកចិត្ត និងទទួលយកបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី