ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ទី២៦ មីនា ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម ដែលរួមមានសូចនាករគន្លឹះ គោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយ: ១/ ការពង្រឹងអភិបាលកិច្ចសាលារៀន, ២/ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទសិស្ស, ៣/ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង៤/ ការជំរុញ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដេីម្បីការអប់រំ”។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។
សម្តេចបវរធិបតី បន្ដថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្ដិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធនាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងធ្វើបានល្អហើយ ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្ដទៀត។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្ដធ្វើទៀត»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រជាពលរដ្ឋ ជាដើម។ សម្ដេច ថា ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង ២ ឬម៉ោង៣ ភ្លើ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖
ទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន
ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង
ទី៥, ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការចាំបាច់នានា និង កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤. ការ ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ» ។ រក្សាសិទ្ធដោយ៖សុទ្ធលី






