Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ ខាងមុខ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Nicolas Maïnetti នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ Nicolas Maïnetti បានអបអរសាទរដែលប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សម្រាប់ការអនុញ្ញាតឱ្យរូបលោកសាស្ត្រាចារ្យចូលជួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ AUF និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នាពេលខាងមុខ។ លោកសាស្ត្រាចារ្យ បានលើកបន្ថែមថា ក្នុងនាមអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងបន្តសហការគាំទ្រលើការងារចាំបាច់នានា រួមទាំងបន្តជជែកពិភាក្សាបន្តែមទៀតលើការរៀបចំព្រឹត្តិការណ៍អមផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្នុងការប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការជំរុញការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាដែលមានថ្នាក់ពីរភាសាបារាំង-ខ្មែរ និងជីវភាសាបារាំងទី១-ទី២ រហូតដល់កម្រិតឧត្តមសិក្សា ពោលនៅតាមសាកលវិទ្យាល័យនានាជាសមាជិកអង្គការ AUF រួមទាំងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្ត្របង្រៀនភាសាបារាំងនៅវិទ្យាស្ថានជាតិអប់រំផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃការរៀបចំកិច្ចប្រជុំកំពូល ព្រមទាំងបានលើកឡើងពីផែនការសកម្មភាពមួយចំនួន និងការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីផ្សេងៗ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលនេះផងដែរ ដែលតម្រូវឱ្យមានការសហការជាមួយអង្គការ AUF ក្នុងក្របខ័ណ្ឌតំបន់ និងពីគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ ខាងមុខ ដោយមានការចូលរួមពីប្រទេសជាសមាជិកអង្គការ OIF និងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងមួយចំនួននៅជុំវិញពិភពលោក៕រក្សាសិទ្ធដោយ៖សុទ្ធលី