Beauty និង Filter តាមអ៊ីនធឺណិត គឺជាគូគ្នា មិនថាវាត្រូវបានប្រើដើម្បីកែសម្រួលរូបថត ឬវីដេអូឃ្លីប ឬសូម្បីតែឃ្លីបផ្សាយផ្ទាល់យ៉ាងណា គឺឧបករណ៍ (Tool) ដ៏សំខាន់នេះ អាចជួយបង្កើនលើកសម្រស់នៅក្នុងវិធីដ៏អស្ចារ្យ ដែលមិននឹកស្មានដល់។ ប៉ុន្តែនៅលើលោកនេះគ្មានអាថ៌កំបាំងទេ ហើយការពិត គឺជៀសមិនរួចនោះទេ។
យ៉ាងណាមិញ វីដេអូឃ្លីបរបស់ស្រីស្អាតមានឥទ្ធិពលនៅលើអ៊ីនធើរណែត ដែលកំពុងត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បានធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះគឺនៅពេលដែលស្រីស្អាតរូបនេះ កំពុងផ្សាយផ្ទាល់សកម្មភាពហាត់ប្រាណ ដើម្បីអោយអ្នកគាំទ្រសរសើរនោះ តែនាងភ្លេចគិតថាមានកញ្ចក់ធំមួយនៅពីក្រោយនាង ដែលបានលាតត្រដាង “អាថ៌កំបាំង” នៃរូបឆោម «ក្លែងក្លាយ»របស់នាងដោយគ្មានសសល់ បង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។
គួរបញ្ជាក់ថា ស្រីស្អាតម្នាក់នេះ ត្រូវបានដឹងថា តែងតែបង្ហាញពីទម្លាប់នៃការហាត់ប្រាណរបស់នាង ដើម្បីជំរុញទឹកចិត្តអ្នកព្យាយាមសម្រកទម្ងន់ ប៉ុន្តែនាងទទួលបានអ្នកតាមដានតិចតួចប៉ុណ្ណោះ។ នៅក្នុងវីដេអូ Live ចុងក្រោយរបស់នាង នាងបានបង្ហាញពីការហាត់ប្រាណធាក់កង់យ៉ាងរីករាយ ខណៈកំពុងជជែកជាមួយអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្នុងវីដេអូនោះ គ្រប់គ្នាអាចមើលឃើញថា នាងមានរូបរាងស្លីម និងស្រស់ស្អាតខ្លាំង ប៉ុន្តែ ដោយសារតែនាងភ្លេចថាមានកញ្ចក់មួយផ្ទាំងធំនៅខាងក្រោយ បានធ្វើឲ្យមនុស្សជាច្រើនឃើញហើយ ភ្ញាក់ស្រឡាំងកាំងតែម្តង។
ពិតណាស់ កញ្ចក់បានបង្ហាញការពិតថា ស្រ្តីរូបនេះធាត់ខ្លាំង ជាពិសេសបរិវេណចង្កេះ ត្រូវបានគ្រប់ដណ្តប់ដោយខ្លាញ់ក្បាលពោះ មិនមែនស្ទីមស្ដើងដូចក្នុងកាមេរ៉ាទេ រួមទាំងដងខ្លួនខាងលើ សមាមាត្រនៃក្បាល និងមុខក៏មិនតូចស្រឡូនដែរ ពោលគឺសម្រស់រាងកាយទាំងមូលរបស់នាងដែលត្រូវបានឃើញ គឺគ្រាន់តែជា «ផលិតផល» filter ដែលនាងប្រើប៉ុណ្ណោះ។
រហូតដល់មួយសន្ទុះក្រោយមក ស្រ្តីរូបនេះទើបដឹងថា មានកញ្ចក់នៅពីក្រោយនាង ជាហេតុធ្វើឲ្យទឹកមុខ និងកាយវិការរបស់នាងបានផ្លាស់ប្តូរភ្លាមៗតែម្តង មុនពេលនាងចុះពីកង់យ៉ាងលឿន ហើយបញ្ចប់ការ Live ផ្ទាល់។ ទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណិត បានថតនិងចែករំលែកវីដេអូឃ្លីបផ្សាយបន្តផ្ទាល់ រហូតដល់ល្បីពេញអ៊ីនធឺណិត ខណៈមនុស្សជាច្រើនដែលបានឃើញ បាននាំគ្នាអស់សំណើចថា “កញ្ចក់វេទមន្តពិត និយាយការពិតដោយគ្មានការបោកប្រាស់”, “ចង្កេះរបស់នាងធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល”, “នេះគឺជាការបោកប្រាស់ច្បាស់លាស់”, “ជំនឿរបស់ខ្ញុំត្រូវបានបំផ្លាញ”,”ខ្ញុំដឹងថានាងប្រើ Filter ប៉ុន្តែខ្ញុំមិនគិតថាវានឹងខុសគ្នាបែបនេះទេ”៕



