Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រកួតប្រជែងដោយស្មោះត្រង់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបញ្ហាប្រឈមនានាដែលក្រសួងបានទទួលតាមរយៈការចុះសិក្សានិងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាទូរសព្ទនិងសេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងប្រកួតប្រជែងដោយស្មោះត្រង់ ព្រមទាំងជម្រាបជូនឱ្យបានច្បាស់អំពីសេវាកម្មរបស់ខ្លួនដើម្បីជៀសវាងការភាន់ច្រឡំ ជាយថាហេតុ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលើកឡើងអំពីបញ្ហាប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានាប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។

សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះសិក្សានិងប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងគុណភាពសេវាទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី