ភ្នំពេញ ៖ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីទៀបភ្លឺដោយរោគាពាធ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សង្ខារមិនទៀងតែការស្លាប់គឺទៀង។
សម្តេច បានថ្លែងបន្តទៀតថា បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។
បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។
ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាល
ដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯង
ដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។
១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។
លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។
បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។
បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។
ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ អ៊ំបានចាកចេញពីពួកយើងទាំងអស់គ្នាហើយ។ អ៊ំបានបន្សល់ទុកនូវស្នាមញញឹម រឿងរ៉ាវរបស់អ៊ំ ពុក និងក្រុមគ្រួសារ ដែលនាំមកនូវមនោសញ្ចេតនា ភាពកក់ក្តៅ។ លើសពីនេះទៀត គឺដំបូន្មានសម្រាប់ក្មួយៗ អោយចេះមើលថែគ្នា ក៏ដូចជាការគិតគូរពីប្រទេសជាតិ និងប្រជាជន ក្នុងនាមជាការទទួលខុសត្រូវរបស់ ត្រកូលយើង (ត្រកូលហ៊ុន) ដែលបានចាប់ផ្តើមពីយូរហើយ ជាពិសេស មើល និងរៀនសូត្រពីពុក។ ទោះអ៊ំបានទៅចោលយើង ប៉ុន្តែក្មួយនឹងចងចាំនូវស្នាមញញឹម ដំបូន្មាន និងអនុស្សាវរីយ៍ជាច្រើនទៀត ហើយជាពិសេស ឈ្មោះដែលតែងតែអ៊ំហៅខ្ញុំ គឺ “ថាំងចេង”។
សូមអ៊ំទទួលនៅការគោរព ស្រឡាញ់ និងសេចក្តីនឹករលឹកពីខ្ញុំ ហើយសូមអ៊ំ ធ្វើដំណើរទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី







