ភ្នំពេញ ៖ ក្រុមការងារស្រាវជ្រាវកម្ពុជានិងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានរកឃើញអដ្ឋិធាតុរបស់ទាហានអាមេរិក២នាក់ដែលបានស្លាប់នៅលើទឹកដីកម្ពុជា ក្នុងសម័យសង្រ្គាមវៀតណាម កាលពីជាង៥០ឆ្នាំមុន។
អដ្ឋិធាតុរបស់ទាហានទាំង២នាក់នោះត្រូវបានរកឃើញនៅកន្លែងយន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់នៅខេត្តរតនគីរី កាលពី៥៥ ឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ស្ថានទូតបញ្ជាក់ថា៖ នេះគឺជាជំហានដ៏ធំមួយក្នុងការផ្តល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន។
បើតាមស្ថានទូត អដ្ឋិធាតុដែលបានរកឃើញ នឹងត្រូវដឹកយកទៅមន្ទីរពិសោធន៍នៅអាមេរិក ដើម្បីវិភាគបន្ថែម។
ស្ថានទូតបញ្ជាក់ថា ប្រសិនបើគេអាចកំណត់អត្តសញ្ញាណបានលើយុទ្ធជនទាំងនោះ ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ គ្រួសាររបស់គេនឹងត្រូវបានជូនដំណឹង។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា មិនត្រូវបានភ្លេចទេ! លោកស្រីភារធារី Bridgette Walker និងឯកឧត្តម សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន បានធ្វើជាអធិបតីក្នុងពិធីធ្វើមាតុភូមិនិវត្តន៍នៃអដិ្ឋធាតុ ដែលរកឃើញនៅកន្លែងយន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់នៅខេត្តរតនគីរី កាលពី ៥៥ ឆ្នាំមុន។ អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និងក្រុមហ៊ុន Golden West បានធ្វើការគាស់កកាយ ដោយមានការជួយដ៏រឹងមាំពីគណកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។ នេះគឺជាជំហានដ៏ធំមួយ ក្នុងការផ្តល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី



