ករណីឆក់ទ្រព្យសម្បត្តិ មានដូចជា ទូរស័ព្ទ ឬ កាបូប ពីអ្នកដំណើរតាមកង់បី ឬ PassApp គឺមិនមែនទើបតែកើតមានឡើងនោះទេ តែសកម្មភាពដ៏ហ៊ាន ជាពិសេសពីសំណាក់ក្រុមចោរក្មេងទំនើង គឺបានកើតឡើងជារឿយៗ ហើយសកម្មភាពរបស់ពួកវា តែងធ្វើបានដោយជោគជ័យ និងសូម្បីបង្កឲ្យជនរងគ្រោះជាអ្នកដំណើររងគ្រោះថ្នាក់ទៀតផង។
តែបើទោះជាមានករណីនេះកើតឡើងយ៉ាងណាក៏ដោយ ក៏គេតែងឃើញអ្នកដំណើរភាគច្រើន គឺនៅតែមិនមានការប្រុងប្រយ័ត្នរបស់ទ្រព្យនោះទេ ដូចជាការនិយាយទូរស័ព្ទជាដើម អ្នកខ្លះសម្ញែងអត់ខ្លាចចោរឆក់សោះឡើយ ព្រោះអាងតែគិតថា ជិះកង់បីមានសុវត្ថិភាព។
យ៉ាងណាមិញ ថ្មីៗនេះ ករណីឆក់ទូរស័ព្ទអ្នកដំណើរតាមកង់បីបានកើតឡើងទៀតហើយ ខណៈវីដេអូកាមេរ៉ាសុវត្ថិភាពរថតយន្ត បានបង្ហាញចោរស្ទាវ២នាក់ ជិះម៉ូតូឌ្រីមសង់ ធ្វើសកម្មភាពឆក់ទូរស័ព្ទស្តែងៗ ពីអ្នកដំណើរជិះក្នុងកង់បី បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍ឆក់ដ៏សាហាវនេះ បានកើតឡើងលើផ្លូវទំនប់៧០ នាវេលាម៉ោង ៨:៥៧នាទី ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥, ហើយចោរស្ទាវទាំងពីរ បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ក៏បានជិះម៉ូតូគេចខ្លួន ឆ្ពោះទៅកាន់រង្វង់មូលគួចការណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕







