Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣

ទីក្រុងហ្សឺណែវ៖ នាថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានអមដំណើរគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំខាងលើនៅទីស្តីការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងគោលបំណងត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាចាប់ពីកិច្ចប្រជុំលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧។

ទាក់ទិននឹងទិដ្ឋភាពវិនិយោគ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលរាជរដ្ឋាភិបាលគ្រប់នីតិកាលបាន និងកំពុងខិតខំកែលម្អឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ អង្គប្រជុំបានថ្លែងនូវការកត់សម្គាល់អំពីកំណើននៃរំហូរវិនិយោគបរទេសមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសវត្តមានកាន់តែច្រើនឡើងនៃសកម្មភាពវិនិយោគប្រកបដោយពិពិធភាព។

លើសពីនេះ អង្គប្រជុំក៏បានសម្តែងនូវសេចក្តីសាទរចំពោះភាពបើកចំហ និងភាពអំណោយផលនៃរបបវិនិយោគក្នុងស្រុកដែលស្តែងចេញតាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសជាមិត្តបានបង្ហាញសុទិដ្ឋិនិយមថារំហូរវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមចំណែកដល់ការធានាបាននូវភាពធន់នៃដំណើរឆ្ពោះទៅកាន់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាឆ្នាំ២០២៩ ខាងមុខ។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី១ ត្រូវបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ ដោយឡែកកិច្ចប្រជុំលើកទី២ ត្រូវបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧៕ រក្សាសិទ្ធដោយ៖សុទ្ធលី