ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្ត្រីនគរបាលយុត្តិធម៌នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានដឹកនាំ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងមន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាប្រធានអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ក្រុងបាវិត។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រុងបាវិត បានចុះបង្ក្រាបបន្ទប់ពិគ្រោះ និងព្យាបាលជំងឺអត់ច្បាប់របស់ ជនជាតិចិនមួយកន្លែង ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ក្រុងបាវិត ។
តាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាៈនៅក្នុងប្រតិបត្តិការនេះក្រុមការងារបានប្រមូលថ្នាំក្លែងក្លាយផលិតនៅប្រទេសចិន ដែលមិនបានចុះបញ្ជីការនៅក្រសួងសុខាភិបាលចំនួន ៤កេស យកមករក្សាទុកនៅមន្ទីរសុខាភិបាលដើម្បីដុតកំទេចចោល ។
ក្នុងអំឡុងពេលមុន និងក្រោយការបោះឆ្នោត សេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀង មានការកើនឡើងបន្តិច មានទាំងជនជាតិខ្មែរ និងបរទេស ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតបានសន្យាថា នឹងខិតខំប្រឹងប្រែងលុបបំបាត់ឱ្យអស់ទូទាំងខេត្តស្វាយរៀង ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ ៕ វ៉ៃកូ