Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ តំណាងសហគមន៍ តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។

សូមជម្រាបជូនថារមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី