Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំចាត់ទុកថា ការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី ១២០នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ

រាជធានីភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ការឆ្លើយតប និងបំភ្លឺទៅនឹងការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី ១២០ នៅក្នុងគេហទំព័រ World Population Review 2025។

ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀងទី ១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។

ទី១៖ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិ មនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែក លើការឆ្លើយតបនៃការស្ទង់មតិនេះ។ ការស្ទង់មតិផ្នែកអប់រំបានផ្តោតលើចំណុច ៣ រួមមាន៖ ប្រព័ន្ធអប់រំ សាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ, ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់។ វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញ ជាសាធារណៈបែបនេះ ក៏កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។ ជាក់ស្តែង ការវាយតម្លៃរបស់ World Population Review បានចាត់ចំណាត់ថ្នាក់អប់រំនៅប្រទេស ទីម័រខាងកើតប្រសើរជាងប្រទេសម៉ាឡេស៊ី ខណៈពេលដែលប្រទេសទីម័រខាងកើតកំពុងប្រឈមនឹង បញ្ហាជាច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ប្រទេសទីម័រខាងកើតនៅពុំទាន់បានចូលរួម អនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈពេលដែល ប្រទេសម៉ាឡេស៊ីឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ ជាពិសេសលទ្ធផលនៅក្នុង រង្វាយតម្លៃអន្តរជាតិ PISA។ ដូចគ្នានេះដែរ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសឡាវប្រសើរជាង ប្រទេសថៃ ខណៈដែលប្រទេសឡាវមិនទាន់បានចូលរួមក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថៃ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ។ ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។

ទី២៖ ជាលក្ខណៈវិទ្យាសាស្ត្រ ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តា ជាច្រើន ដូចជា៖

អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា៖ កម្ពុជាមានអត្រាអក្ខរកម្ម ៨៤% នៅឆ្នាំ ២០២២។ សមត្ថភាព របស់សិស្សក្នុងការទទួលបានជំនាញជាមូលដ្ឋានដូចជា ការអាន ការសរសេរ និងលេខនព្វន្ត បានកើនឡើងនៅគ្រប់កម្រិត។ ជាក់ស្តែង បន្ទាប់ពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ ២០១៤ (លទ្ធផលនៃការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២% និង លើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២% តែប៉ុណ្ណោះ និងមានបេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់) សិស្សនៅគ្រប់កម្រិតបានខិតខំប្រឹងប្រែងរៀនសូត្រ និងលទ្ធផលនៃការប្រឡង បានល្អប្រសើរជាបន្តបន្ទាប់ (នៅឆ្នាំ ២០២៤ បេក្ខជនប្រឡងជាប់បានកើនដល់ ៧៩% និងមាន បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២.២២៥ នាក់ ដោយគិតទាំងបេក្ខជនអប់រំ បច្ចេកទេស ចំនួន ៩ នាក់)។

លទ្ធភាពទទួលបានការអប់រំ៖ កម្ពុជាសម្រេចបានអត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនឡើងពី ៩៨,២% ក្នុងឆ្នាំសិក្សា២០១៣-២០១៤ ដល់ ៩៩,៦% ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ទោះបីក្នុង អំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏ដោយ។ អត្រារួមនៃការសិក្សានៅមធ្យម សិក្សាបឋមភូមិបានកើនពី ៥៥.១% ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ៧៥.២% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិបានកើនពី ២៦% ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ៤៤.៣% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅ ឧត្តមសិក្សាបានកើនឡើងពី ៩,៩% ក្នុងឆ្នាំ ២០១៣ ដល់ ១៩,១% ក្នុងឆ្នាំ ២០២៤។ បច្ចុប្បន្ន ប្រទេសមួយចំនួន ១០០ភាគរយ និងមានអត្រារួមនៃការសិក្សានៅមធ្យមសិក្សាទាបជាង ៧០ភាគរយនៅឡើយ។ ដែលជាសមាជិកអាស៊ានមានអត្រារួមនៃការសិក្សានៅបឋមសិក្សាទាបជាងគុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា – ប្រសិទ្ធភាពរបស់គ្រូ ភាពពាក់ព័ន្ធនៃកម្មវិធីសិក្សា និង វិធីសាស្ត្រគរុកោសល្យ។ គ្រឹះស្ថានសិក្សានៅកម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេស ការអនុវត្តកម្មវិធីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃបន្ថែមទៀត និងការជំរុញ ឱ្យគ្រឹះស្ថានសិក្សា ដែលមានសក្តានុពល មានធនធានគ្រូបង្រៀន និងមានហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ រៀបចំការបង្រៀននិងរៀនពេញមួយថ្ងៃ។ សកម្មភាពក្រៅម៉ោងសិក្សាត្រូវបានរៀបចំស្រប ទៅតាមតម្រូវការក្នុងការអនុវត្តកម្មវិធីសិក្សាបានពេញលេញ ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និងឥរិយាបថរបស់សិស្ស ព្រមទាំងការតម្រង់ទិសវិជ្ជាជីវៈ។ ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀនដោយបានចាត់ទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការ ទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូ សម្រាប់កែលម្អគោលនយោបាយ”។ ក្រសួងបាននិងកំពុងអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល គ្រូ ដោយផ្តោតលើ៖ (១) ការកែលម្អកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូ (២)ការអភិវឌ្ឍ សមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេក វិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារៈឧបទេសទំនើបសម្បូរបែប, (៤) ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិង គ្រប់គ្រង, (៥)ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ, និង (៦) ការធានា គុណភាពនៃការបណ្តុះបណ្តាល។

ហេដ្ឋារចនាសម្ព័ន្ធអប់រំ – ភាពអាចរកបាននៃសាលារៀន ថ្នាក់រៀន បណ្ណាល័យ មន្ទីរពិសោធន៍ និង ការរួមបញ្ចូលបច្ចេកវិទ្យា។ កម្ពុជាបានបង្កើនការវិនិយោគលើការសាងសង់សាលារៀនគ្រប់ទីកន្លែង ដើម្បីបង្កើនចំនួនសិស្សចូលរៀន។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការអប់រំស្នែមនៅកម្រិត សាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា តាមរយៈការវិនិយោគលើផ្នែករឹង និងផ្នែកទន់។ មកទល់ពេលបច្ចុប្បន្ន សាលារៀនជំនាន់ថ្មី និងវិទ្យាល័យធនធាន បាននិងកំពុងដើរតួនាទីយ៉ាង សកម្មក្នុងការជំរុញការអប់រំស្លែម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្ត្រ នៅក្នុងបន្ទប់ ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សទី២១ និងការជួយគាំទ្រ វិទ្យាល័យបណ្តាញដទៃទៀត។

  • ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ និងការបែងចែកថវិកាសម្រាប់ការអប់រំជាភាគរយនៃ GDP និងការចំណាយក្នុងមួយសិស្ស។ ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ បើធៀបនឹង ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) រយៈពេល ១០ឆ្នាំចុងក្រោយ ជាមធ្យម ២.៦% ឬក្នុងរង្វង់ ១៧.២% ធៀបនឹងចំណាយចរន្តជាតិ។ ដោយឡែក ក្នុងឆ្នាំ ២០២៤ ថវិកាអប់រំកម្ពុជាធៀបនឹង ផ.ស.ស ស្មើនឹង ២.៦% ខ្ពស់ជាងឡាវ (១.២%) និងមីយ៉ាន់ម៉ា (២%) (ប្រភព៖ ទិន្នន័យធនាគារ ពិភពលោក)។ រាជរដ្ឋាភិបាលបានដំឡើងបៀវត្សជូនគ្រូបង្រៀនជិត ៣ដង ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយ ដើម្បីលើកទឹកចិត្តគ្រូបង្រៀនឱ្យខិតខំបំពេញការងារកាន់តែមានប្រសិទ្ធភាព។

ឧត្តមសិក្សា និងស្រាវជ្រាវ – ភាពខ្លាំងនៃសាកលវិទ្យាល័យ លទ្ធផលស្រាវជ្រាវ និងសមត្ថភាព ច្នៃប្រឌិត។ កម្ពុជាឈរនៅលេខរៀងទី ៨ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន លើចំនួនអត្ថបទ ស្រាវជ្រាវបោះពុម្ពក្នុងទស្សនាវដ្ដីស្រាវជ្រាវ ដែលមានការទទួលស្គាល់កម្រិតអន្តរជាតិ ខណៈឡាវ និងមីយ៉ាន់ម៉ា ឈរនៅលេខរៀងបន្ទាប់។ លើសពីនេះ ក្នុងចំណោមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន៣៣ ប្រទេសកម្ពុជាឈរនៅលេខរៀងទី ២៣ ខណៈថៃឈរនៅលេខរៀងទី ១០ មីយ៉ាន់ម៉ា លេខរៀង២៤ និងឡាវលេខរៀងទី ២៨ (ប្រភព៖ មូលទិន្នន័យស្តុបពឹស)។ ករណីសន្ទស្សន៍នវា-នុវត្តន៍សកលកម្ពុជាឈរនៅលេខរៀងទី ២១ ក្នុងចំណោមប្រទេសមានចំណូលទាបចំនួន ៣៨ ប្រទេស ខណៈឡាវឈរនៅលេខរៀងទី ២៥ និងមីយ៉ាន់ម៉ាឈរនៅលេខរៀងទី ៣៦។ ដោយឡែក ថៃឈរនៅលេខរៀងទី៥ ក្នុងចំណោមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (៣៤ ប្រទេស)។

  • ការវាយតម្លៃអន្តរជាតិ និងសមត្ថភាពប្រកួតប្រជែង៖ តាមរយៈរង្វាយតម្លៃអន្តរជាតិ PISA 2022 លទ្ធផលសិក្សាផ្នែកគណិតវិទ្យារបស់សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៣៦ពិន្ទុ កើន ១១ពិន្ទុ ធៀបនឹង PISA-D 2017 (៣២៥ពិន្ទុ)។ លទ្ធផលសិក្សាផ្នែកអំណាន សិស្សកម្ពុជាទទួលបានពិន្ទុ ជាមធ្យម ៣២៩ពិន្ទុ កើន ៨ពិន្ទុធៀបនឹង PISA-D 2017 (៣២១ពិន្ទុ)។ និងលទ្ធផលសិក្សាផ្នែក វិទ្យាសាស្ត្រ សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ពិន្ទុ កើន ១៧ពិន្ទុធៀបនឹង PISA-D 2017 (៣៣០ ពិន្ទុ)។ តាមរយៈការប្រៀបធៀបលទ្ធផលនៃរង្វាយតម្លៃអន្តរជាតិ PISA នៅឆ្នាំ២០១៧ និង ឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលសិក្សារបស់សិស្សានុសិស្សខ្មែរមានការកើនឡើង ទាំងអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ទោះបីជារង្វាយតម្លៃអន្តរជាតិ PISA នៅឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យលទ្ធផលនៃប្រទេសមួយចំនួនមាន ការថយចុះ ប៉ុន្តែកម្ពុជាកើនឡើងក្នុងរង្វង់១០ពិន្ទុ។

ជារួម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី