Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ​៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យនិងអនុម័តសេចក្តី ព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងនីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ ជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើសពីវិស័យសុខាភិបាល។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្តនិងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ ដែលមានអ្នកពាក់ព័ន្ធជាតិ អន្តរជាតិជាច្រើនបានចូលរួម នៅក្នុងនោះមាន សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិកសភានៅក្នុងតំបន់អាស៊ាន ប្រតិភូមកពីវេទិកាអន្តរសភាក្នុងតំបន់ តំណាងអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍមួយចំនួនទៀត។

នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងការឆ្លើយតបកង្វល់ជាសកលរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងជំងឺមិនឆ្លងនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សុខភាព ជាកត្តាចម្បងនិងសំខាន់បំផុត សម្រាប់មនុស្សជាតិ។ សុខភាពប្រៀបដូចនឹងសន្តិភាពសម្រាប់ប្រទេសដែរ។ បើប្រទេសមួយគ្មានសន្តិភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍន៍ និងសេវាសាធារណៈជាមូលដ្ឋានដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា ដោយសារធនធានមនុស្សជាអាទិភាពនៅក្នុងកាអភិវឌ្ឍន៍សង្គមជាតិដូច្នេះហើយ បានជានៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ចាប់ពី យុគសម័យនៃការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តរហូតដល់បច្ចុប្បន្ន ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបភាពស្វាហាប់ ឈ្លាសវៃ និងពោរពេញដោយថាមវន្ត បានចាត់ទុក “មូលធនមនុស្ស” ជាកត្តាអាទិភាព។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ មនុស្ស ជាកត្តាអាទិភាពទី ១ ក្នុងចំណោមអាទិភាពចម្បងទាំង ៥ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពជឿនលឿន និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងបន្តក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានទទួលស្គាល់ពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺមិនឆ្លង ហើយបានសម្រេចដាក់បញ្ចូលជំងឺមិនឆ្លងនេះ ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសម្រេចបានការថយចុះ ១/៣នៃអត្រាមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លង ត្រឹមឆ្នាំ២០៣០។ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះចំនួន៩ ដែលត្រូវអនុវត្តដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ការបង្កើនសកម្មភាពអប់រំសុខភាព ដើម្បីលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ដោយក្នុងនោះកញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាលបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ពេលបច្ចុប្បន្ន។ ជាក់ស្តែងនៅក្នុង ឆ្នាំ២០២៥ កញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាល បានកើនរហូតដល់ជាង ៧០០ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជំរុញលើការគ្របដណ្តប់សុខភាពជាសកល និងដោះស្រាយភាពមានកម្រិតនៃប្រព័ន្ធសុខភាភិបាល និងប្រព័ន្ធគាំពារសង្គម។

សិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន» រៀនបចំឡើងដោយគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា សហការជាមួយដៃគូជាច្រើននៅក្នុងនោះមានក្រសួងសុខាភិបាលកម្ពុជា វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD)អង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា មជ្ឈមណ្ឌល សភាអាស៊ី (PCAsia) ជាដើម។ វាគ្មិនសំខាន់ៗជាច្រើនបានអញ្ជើញចូលរួមធ្វើបង្ហាញ ចែករំលែកបទពិសោធន៍ ដល់អង្គសិក្ខាសាលា។
នេះជាលើកទី២ហើយ នៅក្នុងនីតិកាលទី៧នេះ ដែលរដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាសភាតំបន់បែបនេះឡើង នៅក្នុងការចូលរួមចំណែកទប់ស្កាត់និងបង្ការជំងឺមិនឆ្លងជូនប្រជាពលរដ្ឋ។


នៅក្នុងសន្ទរកថាគន្លឹះពេលបើកសិក្ខាសាលា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤មានត្រឹម៥២%។ ជំងឺមិនឆ្លងមានច្រើនប្រភេទដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម មហារីក និងជំងឺដង្ហើមរ៉ាំរ៉ៃដែលបណ្តាលឱ្យស្លាប់៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ទោះយ៉ាងណាការសិក្សាបង្ហាញថាជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។

បើតាម ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថាកាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានស្នើឱ្យសហគ្រាសបង្កើតសេវាសុខភាពបឋមនៅនឹងកន្លែងនិងធ្វើការ ពិនិត្យសុខភាពបុគ្គលិកជាប្រចាំ ក៏ដូចជាការផ្សព្វផ្សាយសារអប់រំសុខភាពផងដែរ។ ជាមួយគ្នានេះ ក្រសួងបានលើកទឹកចិត្តម្ចាស់សហគ្រាសឱ្យធានាថាគ្រប់បុគ្គលិកទទួលបានសេវាធានារ៉ាប់រង ពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)។ ការបង្ការនិងការអប់រំសុខភាព ត្រូវកំណត់គោលដៅមនុស្សគ្រប់រូប ជាពិសេសចៀសវាង ឬកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ អាហារផ្អែមនិងកែច្នៃខ្ពស់ ភេសជ្ជៈប៉ូវកម្លំាង។ នៅចំពោះមុខភាពចម្រុះនៃបញ្ហាប្រឈមនេះនិងអន្តរាគមន៍ដែលត្រូវរៀបចំ ត្រូវប្រកាន់យកវិធីសាស្រ្តសកល ស្រប នឹងស្ថានភាពរបស់ប្រទេសនីមួយៗ។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានាឱកាសនេះ។ សម្តេចសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីចាំបាច់នៃកិច្ចសហប្រតិបត្តិការពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
“ដូចអ្នកទាំងអស់គ្នាដឹងហើយថា សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ ដូចពាក្យខ្មែរតែងនិយាយលេងថា “ក្រ ក្រចុះ កុំឱ្យតែឈឺ” គឺបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃនៃសុខភាព ដែលសំខាន់ជាងទ្រព្យសម្បត្តិ និងអ្វីៗទាំងអស់។ សុខភាព ជាកត្តាចម្បងនិងសំខាន់បំផុត សម្រាប់មនុស្សយើង ប្រៀបដូចនឹងសន្តិភាពសម្រាប់ប្រទេសដែរ។ បើប្រទេសមួយគ្មានសន្តិភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍ និងសេវាសាធារណៈជាមូលដ្ឋានដែរ” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជូនអង្គសិក្ខាសាលាថា សភាកម្ពុជាសូមគាំទ្រនិងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅ ក្នុងការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសេវាសុខភាព តាមរយៈការបង្កើនកញ្ចប់ថវិកា ការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល និងបង្កើន ការបង្ការហានិភ័យហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវសមធម៌ នៃការផ្តល់សេវាសុខភាពមានគុណភាព ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងទីប្រជុំជន និងនៅជនបទ ជាពិសេសការផ្តល់សេវាជូនស្រ្តីនិងក្មេងស្រី។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា សិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ការចែករំលែកចំណេះដឹង បទពិសោធ ការអនុវត្តល្អៗ និងការពិភាក្សា រិះរកវិធីសាស្រ្ត និងគោលនយោបាយចាំបាច់នានា ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺមិនឆ្លងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្នុងនាមរដ្ឋសភា សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ដែលបានយកចិត្តទុកដាក់ខ្ពស់ ហើយបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកកម្ពស់ចំណេះដឹង និងបន្តស្វែងរកដំណោះស្រាយមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី