ដូចដែលបានដឹងហើយថា ឡានពេទ្យ គឺមានអាទិភាពគ្រប់ផ្លូវទាំងអស់ ដើម្បីទៅសង្គ្រោះមនុស្ស។ ដូច្នេះ ឡានធម្មតា ពេលឮសម្លេងសារ៉ែន ត្រូវមានការប្រុងប្រយ័ត្ន និងអែបកៀនជាបន្ទាន់ ហើយឈប់មួយរយៈតូច រហូតឡានអាសន្នទៅផុត ទើបយើងចាប់ផ្ដើមបើកបន្ត។
តែយ៉ាងណាមិញ ថ្មីៗនេះ រូបភាពវីដេអូមួយដែលបង្ហាញឡានពេទ្យមួយគ្រឿង បើកបញ្ច្រាសផ្លូវ ជាពិសេសនៅលើផ្លូវល្បឿនដ៏ប្រឈមគ្រោះថ្នាក់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ស្ថិតត្រង់គីឡូម៉ែត្រលេខ ២៦ បានធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជាស្រៀវជំនួសយ៉ាងខ្លាំង ខណៈពលរដ្ឋដែលធ្វើដំណើរស្របទិសជាមួយនៅផ្លូវម្ខាង បានសម្តែងការហួសចិត្តថា «ចុម ឡានពេទ្យ លេងបើកបញ្ច្រាសលើផ្លូវល្បឿនចឹងហ្មង ហើយលើគន្លងខាងលឿនទៀត លេងធ្វើចឹងងាប់ហើយ គ្រោះថ្នាក់ដល់គេណាស់!»។
ពលរដ្ឋអ្នកដំណើររូបនោះ បានបន្តថា «បើលើផ្លូវធម្មតា យើងឡានពេទ្យមានសិទ្ធិអាទិភាព ចង់បើកបញ្ច្រាស់អីបញ្ច្រាស់ទៅ ព្រោះជាសិទ្ធិអាទិទេពរបស់យើង តែលេងបើកបញ្ច្រាសលើផ្លូវល្បឿនបែបនេះ ងាប់ហើយ! អាគេម៉ោពីណុះម៉ោ វាក់អឺ បុកងាប់ទាំងអស់គ្នាគិតម៉េចទៅ?!»។
ជុំវិញករណីនេះ មតិរិះគន់បានលើកឡើងថា៖ ឡានពេទ្យពិតជាមានអទិភាពបើកបរបានគ្រប់កាលៈទេសៈមែន ប៉ុន្តែផ្លូវមួយនេះគ្រោះថ្នាក់ណាស់ អ្នកបើកកុងទ័រតិចក៏៨០-១០០km/ម៉ោង ហើយចុះបើអ្នកបើកគាត់មិនចាប់អារម្មណ៍មានអ្នកបើកបញ្ច្រាស វាអាចនឹងបុកគ្នា ឬក៏បើកជៀសហើយប៉ះទង្គិចគ្នា ឬបុករនាំងផ្លូវ ព្រោះបើកលឿន តែវេរចង្កួតទប់មិនឈ្នះទេ បញ្ហាណាស់។ ខណៈមតិផ្សេងទៀត ក៏បានលើកឡើងស្រដៀងគ្នាថា «ខុសហើយ លើផ្លូវល្បឿនលឿន មិនស្ទះស្អីផង មិចត្រូវបើកបញ្ច្រាសគេ ហេតុអ្វីមិនខ្លាចគ្រោះថ្នាក់សោះអ៊ីចឹង?! តៃកុងឡានពេទ្យ សង្ស័យឆ្គួតហើយ,…»។
តែទន្ទឹមនឹងនេះ ក៏មានមតិជាច្រើន បានចេញមកគាំទ្រឡានពេទ្យបើកបញ្ច្រាស់បែបនេះ ដោយបានលើកហេតុផលតាមការយល់ឃើញថា៖ «ប្រហែលជាមានអ្នកជំងឺនៅខាងហ្នឹងហើយ
ព្រោះអីផ្លូវល្បឿនអត់មានកន្លែងបត់ទេ»។ ខណៈគណនីស្រីស្អាតឈ្មោះ Shin Kemra បានឆ្លើយតបទៅកាន់បុរសម្នាក់ដែលឆ្ងល់ថា «បើអត់មានកន្លែងបត់ ពេលដើមដំបូងខុសគ្នាប្រហែល៦ម៉ែត្រ យើងមិនជិះទៅរកខាងត្រូវទៅ?» ដោយនាងបានពន្យល់ថា «ផ្លូវពីភ្នំពេញទៅកំពង់សោម អត់មានកន្លែងបត់ទេ ចុះបើសិនគ្រោះថ្នាក់នៅត្រឹមពាក់កណ្ដាលផ្លូវ អញ្ចឹងទាល់តែឡានជិះពីភ្នំពេញ ទៅបត់នៅកំពង់សោម ទើបទទួលអ្នកជំងឺមែនទេបង?»។
ស្រីស្អាតខាងលើ ក៏បានបន្ថែមថា «ឥឡូវហេតុផលងាយយល់ទេ ប្រូស្ដាប់ហើយពិចារណាទៅ មូលហេតុដែលឡានពេទ្យបើកបាញ់ច្រាសដោយសារនៅផ្លូវល្បឿនលឿនគ្មានផ្លូវបទត្រឡប់ក្រោយ។ នៅពេលដែលគ្រោះថ្នាក់នៅពាក់កណ្ដាលផ្លូវ គាត់ត្រូវបើកបញ្ច្រាសទៅយកមនុស្សដែលកំពុងរងចាំរថយន្តគ្រោះសង្គ្រោះបន្ទាន់។ បើសិនឡានពេទ្យបើស្របផ្លូវនោះប្រាកដជាត្រូវបទនៅឯកំពង់សោមចំណាយពេលយូរ។ ដូច្នេះហើយឡានពេទ្យត្រូវជិះបញ្ច្រាសចំណាយពេលខ្លីដើម្បីសង្គ្រោះមនុស្ស។ យល់នៅប្រូ?»៕








