រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “កសាងអនាគត៖ បង្កើនភាពប្រកួតប្រជែង និងចីរភាព”។ កម្មវិធីនាព្រឹកនេះ មានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រីនាយិកានៃអង្គការ ILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ, លោកអនុប្រធានសមាគម TAFTAC, តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងម៉ាកយីហោអន្តរជាតិធំៗ, អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពី៖ (១)សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោលដៅវិនិយោគគួរពិចារណា, (២)គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រងបរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, (៣) ការអនុវត្តឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព, (៤)យន្តការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគតស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ, និង (៥)ការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការយកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។
តាមរយៈកិច្ចប្រជុំកំពូលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថាកិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សូមជម្រាបដែរថា៖ កិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា(Textile, Apparel, Footwear & Travel Goods Association in Cambodia – TAFTAC), អង្គការពលកម្មអន្តរជាតិ (International Labour Organization– ILO) តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham Cambodia) តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ តាមរយៈកម្មវិធីGIZ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












