ពិតណាស់ ខណៈរៀងរាល់រដូវបុណ្យទានខិតចូលមកដល់ នោះស្រ្តីៗភាគច្រើន តែងនាំគ្នាទៅកែសម្ផស្សនៅតាមហាងសាឡន ក្នុងនោះជាពិសេសដូចជា អ៊ុតសក់ត្រង់ ឬ ដាក់ពណ៌សក់ ដើម្បីលើកសម្រស់ឲ្យ ទាក់ទាញជាងមុន ហើយសង្ឃឹមថា នឹងទទួលបានភាពស្រស់ស្អាតដូចការចង់បាន។
តែយ៉ាងណាមិញ ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនារីម្នាក់ បង្ហោះពីលទ្ធផលទៅកែសម្ផស្សដ៏អាក្រក់ ដោយសារស្នាដៃជាងសាឡនចេះមិនច្បាស់ បណ្តាលឲ្យ «ឆេះ» សក់របស់នាងស្ទើរខ្ទេចតែម្តង បន្ទាប់ពីត្រូវបានដាក់ពណ៌សក់រួច។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Net Chanphorn ដែលជានារីជួបរឿងនេះផ្ទាល់ បានបង្ហោះភ្ជាប់រូបភាពលទ្ធផលសក់ឆេះជ្រុះទាំងដុំៗ រកថ្លែងមិនចេញ និងរៀបរាប់ទាំងអារម្មណ៍ឈឺចាប់បែបនេះថា៖ «ពេលខ្លះកុំចង់ស្អាតជ្រុល តែបើចង់ស្អាតត្រូវសួរជាងថាអាចធ្វើបានអត់ ជាងធ្វើហើយទទួលខុសត្រូវអត់ ពេលខ្លះយើងចេះតែចង់បានដូចគេ តែប៉ះជាងស្ទើធ្វើអោយយើងរៀង ជាងខ្លះចេះតែថាយើងអត់អីៗ ជាងខ្លះបង្ខំអោយលាង ជាងខ្លះក៏អោយយោលបល់ល្អៗ ហើយពេលខ្លះកុំមើលងាយជាងតាមភូមិ តាមស្រុក ជាងតាមភូមិស្រុកភាគច្រើនល្អជាង ជាងនៅផ្សារមួយចំនួនផង ជាងតាមផ្សារមួយចំនួនប្រើរបស់អន់តែថាល្អៗ តែលទ្ធផលខូចសក់ បន្ទោសថាមកពីសក់យើង តែជាក់ស្តែងមុននឹងធ្វើ យើងជាជាងត្រូវដឹង ចង់ផ្តាំទៅបងៗដែលជាង នេះជាមេរៀន»។
ទាក់ទងមូលហេតុបណ្តាលឲ្យ «ឆេះ» សក់បែបនេះ ស្រីស្អាតម្ចាស់គណនីខាងលើ បានបញ្ជាក់ប្រាប់ថា មកពីជាងនៅផ្សារថ្នល់ទទឹង ចេះស្ទើរភ្លើង ដោយទុកថ្នាំលាងយូរពេក ខណៈមាននារីដទៃ ដែលយល់ដឹងអំពីការដាក់ថ្នាំពណ៌សក់ បានឲ្យដឹងថា «ទុកយូរពេកឆេះសក់ហើយ ផលិតផលក្រោយលាប មិនលើស៤៥នាទីទេ ហើយនេះសំណាងហើយ ដែលថ្នាំមិនប៉ះពាល់ដល់ស្បែកក្បាល»៕






