Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅសគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតនៅកម្ពុជា បានដាក់ចេញផ្សាយ


ភ្នំពេញ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥៖ វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចេញផ្សាយរបាយការណ៍គោលនយោបាយថ្មីមួយ ដើម្បីអំពាវនាវឱ្យមានការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងហួសកម្រិតនៅកម្ពុជា។ គោលនយោបាយនេះមានចំណងជើងថា «ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត» ឬ Developing a Policy Landscape in Cambodia to Combat Harmful Alcohol Consumption ដោយមានរៀបរាប់អំពីវិធានការទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាគ្រឿងស្រវឹងទាំងមិនទាន់គ្រប់អាយុ ការលើកកម្ពស់ការយល់ដឹងអំពីកម្រិតជាតិអាល់កុល (ជាតិអាល់កុលក្នុងគ្រឿងស្រវឹង) និងទប់ស្កាត់ការជួញដូរគ្រឿងស្រវឹងខុសច្បាប់។

ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន ស្រាបៀរមានអ្នកពិសារហូតដល់ទៅ ៩៦% នៃគ្រឿងស្រវឹងទូរទាំងប្រទេស។ ស្របពេលដែលវិស័យគ្រឿងស្រវឹងនេះបានរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងធំធេង ពោលគឺស្នើនឹង ១.១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងកំពុងកើនឡើងជាលំដាប់។ ទោះយ៉ាងណាក៏ដោយ មានការព្រួយបារម្ភអំពីផលប៉ះពាល់លើទម្លាប់ទទួលទានហួសកម្រិតនៅតែមាន ជាពិសេសការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាច្រើនលើសលុប និងការពិសាគ្រឿងស្រវឹងដែលខុសច្បាប់។ របាយការណ៍គោលនយោបាយនេះ បានផ្ដល់នូវអនុសាសន៍ផ្អែកលើភស្ដុតាងដើម្បីបំពេញកង្វះគោលនយោបាយ និងគាំពារសុខភាពសាធារណៈ។

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅទ្វីបអាស៊ី ដែលពុំទាន់មានកំណត់អាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (Minimum Legal Purchasing Age) នៅឡើយទេ។ កង្វះទាំង នេះបានធ្វើឱ្យយុវជនងាយទទួលរងគ្រោះដោយសារគ្រឿងស្រវឹង។ ជាក់ស្ដែង ប្រមាណជា ២៥.៨% នៃយុវជនអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំនៅកម្ពុជា ត្រូវបានរាយការណ៍ថាមានការពិសាគ្រឿងស្រវឹងច្រើនលើសលុប (Heavy Episodic Drinking) ធៀបនឹង ៣០.៩% នៅប្រទេសវៀតណាម និង ២១.៦% នៅប្រទេសថៃ។ បើទោះបីជាយុវជនកម្ពុជាមិនសូវទទួលទានគ្រឿងស្រវឹងញឹកញាប់ក៏ដោយ ប៉ុន្តែពាក់កណ្ដាលនៃអ្នកទទួលទានសរុបក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ នេះត្រូវបានរាយការណ៍ថាបានរទទួលទានរហូតដល់ស្រវឹងខ្លាំងយ៉ាងហោចម្ដង។ ចំពោះក្រុមយុវជនអាយុដដែលនេះ អត្រាទទួលទានហួសកម្រិតរបស់មនុស្សប្រុស មានខ្ពស់ជាងមនុស្សស្រី។ របាយការណ៍នេះក៏បានជំរុញឱ្យមានការបង្កើតគោលនយោបាយថ្នាក់ជាតិស្ដីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (MLPA) ដែលជាទូទៅនៅលើពិភពលោកគឺ ១៨ ឆ្នាំ ដើម្បីអាចពន្យារពេលចាប់ផ្ដើមទទួលទានគ្រឿងស្រវឹងរបស់យុវជន និងកាត់បន្ថយផលប៉ះពាល់ដល់ពួកគេ ជាមួយនឹងការគាំទ្រឱ្យមានគោលនយោបាយការគ្រប់គ្រងការលក់គ្រឿងស្រវឹងផងដែរ។ មួយវិញទៀត សេចក្តីព្រាងអនុក្រឹត្យស្តីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏កំពុងធ្វើការចែកចាយ ដើម្បីជួយជំរុញឱ្យមានកំណែទម្រង់កាន់តែឆាប់រហ័ស។

របាយការណ៍នេះផងដែរ ក៏បានបង្ហាញនូវភាពចាំបាច់ក្នុងការដាក់ចេញគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដោយផ្អែកតាម «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដែលជារង្វាស់រង្វាល់ជាតិអាល់កុលសុទ្ធនៅក្នុងគ្រឿងស្រវឹង ដោយមិនគិតពីប្រភេទគ្រឿងស្រវឹង ឬទំហំ។ យោងតាមទិន្នន័យស្ទង់មតិថ្នាក់ជាតិថ្មីមួយ ដែលសៀវភៅសគោលនយោបាយនេះបានផ្អែកលើ បានបង្ហាញពីការភាន់ច្រឡំមួយចំនួន៖ មនុស្សជាង ៦០% គិតថាស្រាបៀរគឺជាជម្រើសគ្រឿងស្រវឹងដែលមានសុវត្ថិភាពជាង បើទោះបីជាវាត្រូវបានគេទទួលទានច្រើនបំផុតក៏ដោយ។ ដូច្នេះ ការមានគោលការណ៍ណែនាំច្បាស់លាស់អំពីស្តង់ដាកម្រិតជាត់អាល់កុលក្នុងគ្រឿងស្រវឹង នឹងជួយឱ្យមនុស្សសម្រេចចិត្តទទួលទានបានត្រឹមត្រូវ កាត់បន្ថយការទទួលច្រើនហួសកម្រិត និងកែតម្រូវការភាន់ច្រលំដែលនាំឱ្យមានការទទួលទានស្រាច្រើនហួសកម្រិត។

ត្រង់ចំណុចស្តីពីការបើកបរក្នុងស្ថានភាពស្រវឹង របាយការណ៍នេះបានរកឃើញថា ការអនុវត្តច្បាប់លើការកម្រិតជាតិអាល់កុលក្នុងឈាមពេលបើកបរនៅកម្ពុជា​ (០.៥ ក្រាមនៃជាតិអាល់កុលក្នុងមួយលីត្រឈាម) មិនបានទៀងទាត់  ជាពិសេសនៅក្នុងទីប្រជុំជន និងតំបន់ជនបទ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០០០ ដោយយុវវ័យប្រឈមហានិភ័យខ្ពស់បំផុត។ របាយការណ៍នេះអំពាវនាវឱ្យបន្ថែមការរឹតបន្តឹងការត្រួតពិនិត្យលើផ្លូវថ្នល់ ពង្រឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹងកាន់តែច្រើន និងជំរុញវិស័យឯកជនឱ្យចូលរួមបង្ការ ដូចជាការបណ្តុះបណ្តាលបុគ្គលិក ភាពជាដៃគូក្នុងការចែករំលែកយានជំនិះ និងលើកទឹកចិត្តឱ្យមានការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

ការជួញដូរគ្រឿងស្រវឹងខុសច្បាប់នៅតែជាក្តីបារម្ភមួយផងដែរ។ គ្រឿងស្រវឹងដែលផលិតតាមផ្ទះ និងផលិតផលរត់គេចពន្ធនៅតែមានការជួញដូរជាធម្មតា ជាពិសេសនៅតាមជនបទ។ បើគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ការលក់ដែលមិនមានការគ្រប់គ្រងច្បាស់លាស់ អាចបណ្តាលឱ្យមានហានិភ័យដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យទំនុកចិត្តរបស់សាធារណៈជនថ្លាក់ចុះ។ របាយការណ៍នេះបានស្នើឱ្យបង្កើតប្រព័ន្ធមួយដែលមានរចនាសម្ព័ន្ធលើការគ្រប់គ្រងការលក់ និងការចែកចាយគ្រឿងស្រវឹង ដើម្បីជួយដល់ការអនុវត្ត ពង្រឹងសុវត្ថិភាព និងកាត់បន្ថយការទិញគ្រឿងស្រវឹងខុសច្បាប់។

ការរកឃើញទាំងនេះ ផ្អែកលើការស្ទង់មតិថ្នាក់ជាតិកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លើប្រជាជនកម្ពុជាចំនួន ១,៣៦៣ នាក់។ ការស្ទង់មតិនេះធ្វើឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន MM4A និងវិទ្យាស្ថានជាតិសង្គមកិច្ច ដោយបានពិនិត្យមើលលើទម្លាប់នៃការពិសាគ្រឿងស្រវឹង ឥរិយាបថអ្នកពិសា និងការយល់ឃើញជុំវិញការទទួលទានគ្រឿងស្រវឹង។

លទ្ធផលសំខាន់ៗពីការស្ទង់មតិរួមមាន៖

  • ៨៦% នៃអ្នកចូលរួមស្ទង់មតិ ទទួលទានគ្រឿងស្រវឹង ហើយ ១៣% ចាប់ផ្តើមទទួលទានមុនអាយុ ១៨ ឆ្នាំ។
  • ២៦% នៃមនុស្សពេញវ័យ លើកឡើងថាបានទទួលទានច្រើនហួសកម្រិត ក្នុងនោះ បុរសទទួលទានច្រើនជាងស្ត្រីទ្វេដង
  • ជាង ៦០% ជឿថាស្រាបៀរ «មានសុវត្ថិភាព» ជាងប្រភេទគ្រឿងស្រវឹងផ្សេងទៀត
  • ៣៧% កំពុងមានហានិភ័យមធ្យម ឬខ្ពស់ដោយសារការទទួលទានច្រើនហួសកម្រិត
  • បុរសទទួលទានជាតិអាល់កុលសុទ្ធជាមធ្យម ៥០ ក្រាមក្នុងម្ដង ដែលលើស ៥ ដងនៃកម្រិតស្តង់ដារទទួលទានទូទៅ
  • ៩៤% គាំទ្រឱ្យមានគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដើម្បីលើកកម្ពស់ការពិសាក្នុងកម្រិតមធ្យម

របាយការណ៍នេះ ត្រូវបានជម្រាបទៅកាន់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងឧស្សាហកម្មគ្រឿងស្រវឹង នៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនឹងគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Multi-Stakeholder Dialogue) ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ របាយការណ៍នេះអំពាវនាវឱ្យសង្គមទាំងមូល ចូលរួមដើម្បីធ្វើកំណែទម្រង់ ដែលដឹកនាំដោយរាជរដ្ឋាភិបាលប៉ុន្តែគ្រប់គ្នាក៏ត្រូវរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ពិសាដោយការទទួលខុសត្រូវ។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតួនាទីរបស់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងការគាំទ្រគោលនយោបាយថ្នាក់ជាតិតាមរយៈ ការធ្វើទីផ្សារប្រកបដោយការទទួលខុសត្រូវ ដោយត្រូវមានស្លាកសញ្ញាច្បាស់លាស់ និងការអប់រំដល់អ្នកទទួលទាន។ អង្គការសង្គមស៊ីវិល និងសហគមន៍ពាក់ព័ន្ធនានាក៏មានតួនាទីសំខាន់ផងដែរក្នុងការផ្លាស់ប្តូរបទដ្ឋានសង្គម ជាពិសេសការពិសាគ្រឿងស្រវឹងរបស់យុវជន និងការបើកបរក្នុងស្ថានភាពស្រវឹង តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្សេងៗ។

ទាញយក របាយការណ៍ពេញ នៅទីនេះ៖ ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត

លោក Ed Ratcliffeនាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) បានលើកឡើងថា៖ «ការរកឃើញក្នុងរបាយការណ៍នេះមានទាំងបញ្ហាប្រឈម និងឱកាសដែលកម្ពុជាកំពុងជួប្រទះ និងត្រូវដោះស្រាយលើទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ ចាំបាច់ត្រូវមានវិធានការច្បាស់លាស់ ដែលមានតុល្យភាព និងដែលអាចដោះស្រាយបញ្ហាទាំងនេះបាន ដូចជាការដាក់ចេញនូវគោលការណ៍ណែនាំអំពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏ដូចជាការពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ឱ្យកាន់តែប្រសើរ។ ដូចដែលបានបង្ហាញនៅក្នុងការស្ទង់មតិថ្នាក់ជាតិរបស់យើង អ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជាក៏កំពុងស្វែងរកគោលការណ៍ណែនាំ និងវិធានការនានាដើម្បីជួយពួកគេបង្កើតទម្លាប់ទទួលទានក្នុងកម្រិតមធ្យម ដើម្បីសុខភាពល្អ។ ការអភិវឌ្ឍគោលការណ៍ជាតិស្តីពីការទទួលទានគ្រឿងស្រវឹង គឺជាការបោះជំហានមួយដ៏សំខាន់មួយដើម្បីគាំទ្រពួកគេ។ បន្ថែមពីលើយន្តការរបស់រដ្ឋាភិបាល ប្រតិបត្តិករសេដ្ឋកិច្ច ទាំងក្រុមហ៊ុនផលិត អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច និងអ្នកលក់រាយ ក៏ដូចជាសហគមន៍ទាំងមូល ត្រូវជួយផ្សព្វផ្សាយច្បាប់ និងគោលការណ៍ណែនាំថ្មីៗដែលគ្រោងនឹងបង្កើតឡើង។ ជាមួយនឹងការបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ កម្ពុជាអាចធ្វើជាប្រទេសគំរូល្អមួយនៅក្នុងតំបន់សម្រាប់ការគ្រប់គ្រងគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។»

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា៖ «របាយការណ៍នេះបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់គោលនយោបាយស្ដីពីគ្រឿងស្រវឹងនៅកម្ពុជា។ ទិន្នន័យនេះបានផ្ដល់ភាពចាំបាច់លើតម្រូវការគោលការណ៍ណែនាំថ្នាក់ស្ដីពីការទទួលទានគ្រឿងស្រវឹងដែលច្បាស់លាស់ ពង្រឹងការអនុវត្ត និងរៀបចំគោលដៅលើកិច្ចខិតខំប្រឹងប្រែងអប់រំអ្នកទទួលទានដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ យើងទន្ទឹងរង់ចាំមើល អ្នកបង្កើតគោលនយោបាយចាត់វិធានបន្ត ដោយផ្អែកលើអនុសាសន៍ យោងតាមភស្តុតាងជាក់ស្ដែងទាំងនេះ។ របាយការណ៍នេះក៏បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងសង្គម ផ្ដល់ផលប៉ះពាល់ដល់សុវត្ថិភាពផ្លូវថ្នល់ សុខុមាលភាពរបស់យុវជន និងផលិតភាពសេដ្ឋកិច្ចទាំងមូល»

ចប់

កំណត់សម្គាល់សម្រាប់ការីនិពន្ធ៖

សម្រាប់ព័ត៌មានបន្ថែម ឬស្នើសុំច្បាប់ចម្លងរបាយការណ៍ សូមទាក់ទង៖

លោក ស៊ូ ពិសែន អ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន ក្រុមហ៊ុន ERA Communications

+855 17 719 346

Pisen@eracommunications.com

អំពីរបាយការណ៍ «“ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត»” ឬ Developing a Policy Landscape in Cambodia to Combat Harmful Alcohol Consumption គឺជាសៀវភៅសគោលនយោបាយដែលត្រូវបានបោះពុម្ពផ្សាយរួមគ្នារវាងវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ របាយការណ៍នេះផ្ដោតសំខាន់ទៅលើឧស្សាហកម្មគ្រឿងស្រវឹងរបស់កម្ពុជា វាយតម្លៃទិដ្ឋភាពគោលនយោបាយជាតិ និងស្នើអនុសាសន៍ដែលផ្អែកលើភស្តុតាង ដើម្បីជួយកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីគ្រឿងស្រវឹងនៅទូទាំងប្រទេស។

ការរកឃើញនៅក្នុងរបាយការណ៍នេះ ត្រុវបានជម្រាបនៅក្នុងកិច្ចសន្ទនារវាងដៃគូពាក់ព័ន្ធនានា ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០២៥ ដោយមានអ្នកជំនាញថ្នាក់ជាតិ និងអន្តរជាតិ មកពីភាគីរាជរដ្ឋាភិបាល សង្គមស៊ីវិល និងឧស្សាហកម្មគ្រឿងស្រវឹងមកចូលរួម។ អ្នកស្រាវជ្រាវឯករាជ្យដែលបានចូលរួមពិគ្រោះយោបល់ក្នុងដំណើរការរៀបចំសៀវភៅសនេះរួមមាន៖

  • លោកស្រីបណ្ឌិត Marjana Martinic ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន MM Science & Policy Advisor on Global Alcohol
  • លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
  • លោកស្រី ញឹម ចាន់ដារ៉ា នាយិកាផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន MM4A បានចូលរួមជជែកអំពីលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិស្ដីពីគ្រឿងស្រវឹង
  • លោក Ed Ratcliffe នាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI)

របាយការណ៍នេះបានរួមបញ្ចូលគ្នានូវការវិភាគគោលនយោបាយយ៉ាងស៊ីជម្រៅ ភ្ជាប់ជាមួយនឹងទិន្នន័យដែលបានមកពីការស្ទង់មតិសាធារណៈថ្មីនេះផងដែរ។ ការស្ទង់មតិថ្នាក់ជាតិដោយក្រុមហ៊ុន MM4A សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច បានធ្វើឡើងតាមរយៈការប្រមូលចម្លើយពីពលរដ្ឋពេញវ័យជាង ១,៣០០ នាក់នៅក្នុង ៩ ខេត្ត និងតំបន់។ ការស្ទង់មតិនេះបានផ្ដល់នូវការយល់ឃើញយ៉ាងលម្អិតពាក់ព័ន្ធនឹងអាកប្បកិរិយា និងឥរិយាបថអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា។

លទ្ធផលសំខាន់ៗពីការស្ទង់មតិរួមមាន៖

  • អត្រាទទួលទានគ្រឿងស្រវឹងខ្ពស់៖ ៨៦% នៃអ្នកចូលរួមស្ទង់មតិបានរាយការណ៍ថាបានទទួលទានគ្រឿងស្រវឹង ដោយបុរសទទួលទានញឹកញាប់ និងក្នុងបរិមាណច្រើនជាងស្ត្រី។
  • ការទទួលទានដំបូង៖ ១៣% បានឆ្លើយថាបានទទួលគ្រឿងស្រវឹងលើកដំបូងនៅមុនអាយុ ១៨ ឆ្នាំ។
  • ទទួលទានក្នុងកម្រិតហានិភ័យ៖ ៣៧% នៃអ្នកចូលរួមស្ទង់មតិ ត្រូវបានកំណត់ថាស្ថិតក្នុងកម្រិតនៃហានិភ័យពីការទទួលទានហួសកម្រិត ដែលក្នុងនោះ ២៨% មានហានិភ័យមធ្យម ៥% មានហានិភ័យខ្ពស់ និង ៤% ត្រូវបានចាត់ទុកថាញៀន។
  • ចំនួនអ្នកយល់ខុសមានច្រើន៖ ៦២% នៃអ្នកចូលរួមស្ទង់មតិគិតថាស្រាបៀរជាប្រភេទគ្រឿងស្រវឹងដែលមាន «សុវត្ថិភាពបំផុត» បើទោះបីជាមានកម្រិតជាតិអាល់កុលប្រហាក់ប្រហែលគ្នា ដូចភេសជ្ជៈគ្រឿងស្រវឹងផ្សេងទៀតក៏ដោយ។
  • ភាពមិនស៊ីសង្វាក់គ្នារវាងការយល់ឃើញ និងអាកប្បកិរិយា៖ ខណៈដែលអ្នកឆ្លើយសំណួរភាគច្រើនជឿថាដែនកំណត់នៃការទទួលទានសុវត្ថិភាពស្មើនឹង ២ ទៅ ៣ ដងនៃកម្រិតស្តង់ដារនៃគ្រឿងស្រវឹងក្នុងម្ដង ប៉ុន្តែកម្រិតនៃការទទួលទានជាក់ស្តែងលើសពីដែនកំណត់នេះ ជាពិសេសក្នុងចំណោមបុរស ដែលទទួលទានគ្រឿងស្រវឹងដែលមានជាតិអាល់កុលសុទ្ធជាមធ្យម ៥០ ក្រាមក្នុងម្ដង (ប្រហែល ៥ ដងនៃកម្រិតស្តង់ដារនៃគ្រឿងស្រវឹង)។

របាយការណ៍នេះក៏ឆ្លុះបញ្ចាំងពីការយល់ដឹង និងអាទិភាពមួយចំនួនដែលបានចែករំលែកនៅក្នុងកម្មវិធីកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនឹងគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Multi-Stakeholder) ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានការចូលរួមដោយតំណាងមកពីរាជរដ្ឋាភិបាល សង្គមស៊ីវិល គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន និងអង្គការអន្តរជាតិ។

សៀវភៅសនេះបានលើកឡើងពីបញ្ហាប្រឈមលើគោលនយោបាយបន្ទាន់ចំនួន ៣ នៅកម្ពុជា៖

  1. ការយល់ខុសអំពីគ្រឿងស្រវឹង និងកម្រិតសុវត្ថិភាពនៃការទទួលទាន
  2. ការទទួលទានគ្រឿងស្រវឹងក្នុងចំណោមបុគ្គលមិនទាន់គ្រប់អាយុ
  3. អត្រាខ្ពស់នៃការរងគ្រោះ និងស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ពា័ន្ធនឹងការទទួលទានគ្រឿងស្រវឹង

ដើម្បីដោះស្រាយបញ្ហាទាំងនេះ វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានស្នើអនុសាសន៍អាទិភាពចំនួន ៣ ៖

  • បង្កើតគោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) និងដាក់ចេញនិយមន័យផ្លូវការនៃកម្រិតស្តង់ដារគ្រឿងស្រវឹង ដើម្បីជួយឱ្យអ្នកទទួលទានបានយល់ច្បាស់ និងគ្រប់គ្រងការទទួលទានគ្រឿងស្រវឹងរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។
  • អនុវត្តការកំណត់អាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (Minimum Legal Purchasing Age) ស្របតាមការអនុវត្តក្នុងតំបន់ និងសកល។
  • ពង្រឹងការអនុវត្តលើការកំណត់កម្រិតជាតិអាល់កុលក្នុងឈាម (BAC)សម្រាប់អ្នកបើកបរ រួមជាមួយនឹងយុទ្ធនាការអប់រំសាធារណៈឱ្យកាន់តែទូលំទូលាយ ដើម្បីទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង។

ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែឱកាសនៃការរកប្រាក់ចំណូលបានខ្ពស់ នគរូបនីយកម្ម និងវិស័យទេសចរណ៍។ ខណៈដែលវិស័យនេះបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ របាយការណ៍នេះបានព្រមានថា ប្រសិនបើគ្មានរចនាសម្ព័ន្ធ និងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាពនោះទេ ហានិភ័យដែលកើតចេញពីការទទួលទានគ្រឿងស្រវឹងហួសកម្រិតនឹងនៅតែបន្តកើនឡើង។

អំពីវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍
វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ គឺជាវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងទីក្រុងបាងកក ប្រទេសថៃ ដែលធ្វើការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិទ្យាស្ថានបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីបញ្ហាជាច្រើន ដើម្បីបង្កើតដំណោះស្រាយគោលនយោបាយដែលអាចអនុវត្តបាន និងមានប្រយោជន៍សម្រាប់អ្នកបង្កើតគោលនយោបាយ។ វិទ្យាស្ថានក៏បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិទ្យាស្ថានមានជំនឿជឿជាក់ថា ការពិភាក្សាដោយបើកចំហ និងការផ្តល់ព័ត៌មានត្រឹមត្រូវ ពិតជាមានសារៈសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំធុរកិច្ចនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងស្ថានភាពដែលការផ្លាស់ប្តូរសេដ្ឋកិច្ច និងគោលនយោបាយបានវិវត្តយ៉ាងលឿនរហ័សនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://seapublicpolicy.org/about-us/ 

អំពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី
វិទ្យាស្ថានចក្ខុវិស័យអាស៊ី គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងជាស្ថាប័នដែលប្តេជ្ញាជំរុញការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការស្រាវជ្រាវ និងធ្វើការក្នុងភាពជាដៃគូពហុភាគី ដោយមានចក្ខុវិស័យក្នុងការកសាងសង្គមប្រកបដោយសន្តិភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាពនៅអាស៊ី។ វិទ្យាស្ថានតែងតែធ្វើការលើកកម្ពស់គុណតម្លៃនៃមនុស្សជាតិ សន្តិភាព ភាពសម្បូរបែបនៃវប្បធម៌ គតិបណ្ឌិត  និងទស្សនវិស័យនៅអាស៊ី។ វិទ្យាស្ថានក៏បានចូលរួមគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរួមដែលផ្តោតលើមនុស្សជាតិជាសំខាន់ តាមរយៈការស្រាវជ្រាវជាក់ស្តែងទៅលើគោលនយោបាយ និងកម្មវិធីលើកទឹកចិត្តឱ្យមានការពិភាក្សាក្នុងចំណោមក្រុមផ្សេងៗគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://asianvision.org