(បាងកក ប្រទេសថៃ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំ “ការវិភាគព័ត៌មានចារកម្ម ស្តីពីការជួញដូរគ្រឿងញៀនឆ្លងកាត់តំបន់ទន្លេមេគង្គ និងអាស៊ីអាគ្នេយ៍ ” ប្រចាំឆ្នាំលើកទី១ ចាប់ពីថ្ងៃទី ១-៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គលេខាធិការរង បានធ្វើបទបង្ហាញអំពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជា អត្ថប្រយោជន៍ និងសារៈសំខាន់នៃកម្មវិធីទូរស័ព្ទដៃ NODRUG (App NODRUG) ដល់អង្គប្រជុំ និងបានពិភាក្សា ចែករំលែកព័ត៌មានជាមួយប្រទេសជាដៃគូលើករណីបង្ក្រាបគ្រឿងញៀនមួយចំនួន សំដៅបង្កើនកិច្ចសហការកាន់តែល្អក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។
គោលបំណងរបស់កិច្ចប្រជុំ ដើម្បីពិភាក្សាលើចំណុចមួយចំនួនដូចជា៖
• ផ្លូវចរាចរ នៃការជួញដូរគ្រឿងញៀនឆ្លងដែននៅ ពីប្រភពគ្រឿងញៀនឆ្លងកាត់ព្រំដែននៃប្រទេសក្នុងតំបន់
• ព័ត៌មាននៃក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងធំៗ និងបុគ្គលសំខាន់ៗ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ រួមទាំងការសម្របសម្រួលរបស់ពួកគេ និងការសហការឆ្លងព្រំដែនជាមួយដៃគូនៅក្នុងយុត្តាធិការផ្សេងទៀត
• ទីតាំងដែលមានសក្តានុពលនៃកន្លែងផលិតគ្រឿងញៀនខុសច្បាប់ និងកន្លែងស្តុកទុក
• និន្នាករនិងគំរូនៃសំបកវេចខ្ចប់ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនប្រភេទគ្រាប់ និងមេតំហ្វេតាមីនគ្រីស្តាល់ ពិសេសទម្រង់សំបកវេចខ្ចប់ថ្មីៗ
• ការវិភាគព័ត៌មានចារកម្ម និងការពិភាក្សាអំពីវិធីសាស្ត្រទប់ស្កាត់៕ រក្សាសិទ្ធដោយ៖សុទ្ធលី








