គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសរវាងឡាន និងរថភ្លើង គឺតែងតែកើតមានឡើងជារឿយៗ។ ហើយករណីនេះ បានកើតឡើង គឺដោយសារតែឡាន ម៉ូតូ បើកបរព្រហើន ព្រោះតែចង់ប្រញាប់ មិនចេះអត់ធ្មត់ក្នុងការរង់ចាំត្រឹមតែប៉ុន្មាននាទី និងបើកបរមិនមានការប្រុងប្រយ័ត្ន នៅពេលមកដល់កៀកតំបន់ផ្លូវរថភ្លើងឆ្លងកាត់។
ជាក់ស្តែង ដូចករណីនេះពិតជារន្ធត់ណាស់ ខណៈដែលកង់បី១គ្រឿង បានបុកជាមួយរថភ្លើងដឹកអ្នកដំណើរយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវដែកខ្សែរាជធានីភ្នំពេញ-បាត់ដំបង ត្រង់ចំណុចផ្លូវឆ្លងកាត់ដែលពុំមានប៉ារាស់បិទបើក ស្ថិតនៅក្នុងភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមរយៈវីដេអូ ដែលថតចេញពីកាមេរ៉ារថភ្លើង បានបង្ហាញរថភ្លើងបានមកដល់ផ្លូវបំបែក ត្រង់ចំណុចផ្លូវស្ងាត់ និងក៏បានស៊ីផ្លេឲ្យអ្នកបើកបរឆ្លងកាត់ មានការប្រុងប្រយ័ត្នផងដែរ។ តែទោះជាយ៉ាងណា កង់បីនោះហាក់ដូចជាមិនអើពើនឹងស៊ីផ្លេរបស់រថភ្លើង និងសូម្បីតែមិនបន្ថយល្បឿនទៀតផង ដែលជាហេតុធ្វើឲ្យរថភ្លើងបុកពេញទំហឹង អូសជាច្រើនម៉ែត្រ ខណៈអ្នកបើកបរធ្លាក់ចេញពីកង់បីស្លាប់។
នេះជាករណីថ្មី និងក៏ដូចជាមេរៀន សម្រាប់អ្នកបើកបរដែលព្រហើន និងមិនមានការប្រុងប្រយ័ត្ន ដែលគួរណាស់គិតដល់អាយុជីវិតខ្លួនឯង និងជីវិតអ្នករួមដំណើរជាមួយផង ព្រោះរថភ្លើងគ្មានហ្វ្រាំងនោះទេ៕






