Friday, April 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណីរំលោភលើទំនុកចិត្ដ លុយកម្មករជាងបួនម៉ឺនដុល្លារ

បន្ទាយមានជ័យ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានទៅទីតាំង និងធ្វើការសម្របសម្រួល ក្រុមកម្មករសំណង់ចំនួន១៣ក្រុម មានគ្នាចំនួន២២៩នាក់ ដែលធ្វើការនៅការដ្ឋានសំណង់អចលនទ្រព្យម៉ាឡៃ បានផ្ទុះការតវ៉ាទាមទារប្រាក់ថ្លៃកម្លាំងពលកម្ម នៅការដ្ឋានសំណង់អចលនទ្រព្យម៉ាឡៃ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ជាមួយមេការម៉ៅការសំណង់ និងបាននាំមេការម៉ៅការសំណង់ ឈ្មោះ ចេវ ថាន មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីធ្វើការសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា ក្រុមកម្មករទាំងអស់បានរៀបរាប់ថា មេការម៉ៅការសំណង់ឈ្មោះ ចេវ ថាន នៅខ្វះប្រាក់ថ្លៃកម្លាំងពលកម្មរបស់ពួកគាត់សរុបទាំងអស់ចំនួន ៤០,៩៨១$(បួនម៉ឺនប្រាំបួនរយប៉ែតសិបមួយដុល្លារ) ហើយឈ្មោះ ចេវ ថាន ក៏បានទទួលស្គាល់ថាខ្លួនពិតជាបាននៅខ្វះប្រាក់ថ្លៃកម្លាំងពលកម្មក្រុមកម្មករខាងលើពិតប្រាកដមែន ដោយមានការសម្របសម្រួល មេការឈ្មោះ ចេវ ថាន បានឱ្យកម្មករទៅបើកប្រាក់ចំនួន ៩,៥០០$(ប្រាំបួនពាន់ប្រាំរយ)ដុល្លារ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ពីថៅកែចិនដោយផ្ទាល់ ចំណែកប្រាក់នៅសល់ចំនួន ៣១,៤៨១ដុល្លារ មេការឈ្មោះ ចេវ ថាន សន្យាប្រគល់ឱ្យក្រុមកម្មករ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ ចំណែកក្រុមកម្មករ ក៏បានយល់ព្រមដែរ តែដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់ ឈ្មោះ ចេវ ថាន មិនបានប្រគល់ឱ្យតាមការសន្យានោះទេ ទើបក្រុមកម្មករផ្ទុះកំហឹងតវ៉ាម្ដងទៀត និងបាននាំមេការឈ្មោះ ចេវ ថាន មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីធ្វើការប្ដឹងមេការតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី