ភ្នំពេញ ៖ សម្តេចធិបតី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ទន្ទឹមនេះ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំណាត់ការទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខក្នុងសង្គម និងត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។
សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករ ក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវាឱ្យបានសមរម្យ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្តេចធិបតី បានរម្លឹកអំពីការឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីទៅតាមបណ្តាខេត្ត និងការវិលត្រឡប់មកវិញ ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៧ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយ ក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ៕
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទោះជាយ៉ាងនេះក្តី បញ្ហានេះ នៅតែបន្តកើតមាននៅឡើយ ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ។ សម្តេចធិបតី បានគូសបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាយន្តការបំពេញបន្ថែម និងមិនជំនួសយន្តការដែលមានស្រាប់នោះទេ ប៉ុន្តែ វាគឺជាសហថាមពលដែលយើងត្រូវបន្តអនុវត្តជាមួយគ្នា ដោយរួមគ្នាទប់ស្កាត់ និងបោសសម្អាតសកម្មភាពខុសច្បាប់ និងអ្នកប្រព្រឹត្តខុសច្បាប់ ក្នុងស្មារតីសហការគ្នាជានិច្ច។
សម្តេចធិបតី មានប្រសាសន៍ថា កន្លងទៅនេះ សម្តេច បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដែលមានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដឹកនាំដោយក្រសួងព័ត៌មាន និងដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានសម្របសម្រួលនិងដោះស្រាយ ដោយទទួលបានលទ្ធផលល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


