សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025)នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំកំពូលពិភពលោក២០២៥ ដែលបានប្រារព្ធរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។
ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ លោកបណ្ឌិត យុន អាម៉ូន ( Dr. Yeon-Ah Moon) សហប្រធាននៃគណៈកម្មាធិការកិច្ចប្រជុំកំពូល UPF អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹក និងធ្វើដំណើរដ៏វែងឆ្ងាយដើម្បីមកចូលរួមកិច្ចប្រជុំកំពូលនាពេលនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles Yang) ប្រធាន UPF អន្តរជាតិ បានសម្តែងនូវក្តីរីករាយ និងស្វាគមន៌កក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈប្រតិភូចូលរួមទំាងអស់ និងបានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺក្នុងពេលវេលាដ៏សំខាន់មួយដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលមិននឹងស្មានដល់ ហើយយើងទាំងអស់មកទីនេះ គឺក្នុងគោលបំណង និងក្តីសង្ឃឹម ចំពោះសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់។ យើងត្រូវការគ្នាទៅវិញទៅមក។ យើងត្រូវរស់នៅជាមួយគ្នា ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាល។ គ្មាននរណាម្នាក់ឈរតែម្នាក់ឯងទេ។ ហើយយើងទាំងអស់ត្រូវចាំថា សន្តិភាពគឺចាប់ផ្តើមពីយើងទាំងអស់គ្នា។
សូមជម្រាបថា សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ សហព័ន្ធសន្តិភាពសកល មានឋានៈជាស្ថាប័នពិគ្រោះយោបល់ ហើយបានធ្វើការជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជាផងដែរ។
នៅថ្ងៃទី១១ ខែមេសានេះ សម្តេចប្រធានរដ្ឋសភា នឹងឣញ្ជើញចូលរួមពិធីបើកផ្លូវការនៃកិច្ចប្រជុំ បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១ និងអញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ស្តីពី «វិបត្តិសាកល និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏នឹងត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។
ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី







