លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជា។
លោកជំទាវ ចម និម្មល បានថ្លែងថា “ក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលសហរដ្ឋ អាម៉េរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ ប្រជាជននៃប្រទេសរបស់យើង។ កម្ពុជាសូម វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅ សហរដ្ឋអាម៉េរិកជាការបំពេញបន្ថែមដល់ផលិតផលនិងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។
ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់ សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចង កាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate) ដូចមានជូនភ្ជាប់ក្នុង ឧបសម្ព័ន្ធ I។ ជាមួយគ្នានេះ កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាល បរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាព ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សំដៅឈានទៅសម្រេចបានលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក”។
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេច កំណត់ពន្ធគយ លើ ទំនិញ នាំ ចូល ពី កម្ពុជា ប្រមាណ៤៩% ដែល កម្រិត ខ្ពស់ មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញ ពីសហរដ្ឋអាម៉េរិកវិញក្នុងកម្រិត ៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
តាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ កម្ពុជានាំចេញទៅអាម៉េរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាម៉េរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕រក្សាសិទ្ធដោយ៖សុទ្ធលី



