ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito Dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៥ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានចូលជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន។
កិច្ចពិភាក្សារវាងឯកឧត្តម Bendito Freitas ជាមួយឯកឧត្តម ប្រាក់ សុខុន បានគ្របដណ្តប់ លើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានគូសបញ្ជាក់ពីសារៈ សំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ ដើម្បីរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ។ ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី Bendito Freitas ថាជាជំហានដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងនិងការប្តេជ្ញាធ្វើឱ្យកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រី Freitas បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួល យកការអញ្ជើញដោយក្តីរីករាយ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌដែលមានស្រាប់ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេស កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច និង អនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេស ទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពពន្លឿនការបញ្ចប់ MoU ស្តីពីទេសចរណ៍ ក្នុងគោល បំណងជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ធនាគារ និងការអប់រំ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ហើយបានឯកភាពថា តំណាងនៃប្រទេសទាំងពីរគួរតែសម្របសម្រួលឱ្យកាន់តែ ជិតស្និទ្ធថែមទៀតលើបញ្ហាពហុភាគីដែលជាផលប្រយោជន៍រួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះការក្លាយជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ឱ្យបានឆាប់នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រី Bendito Freitas បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាបន្តបន្ទាប់ និងតួនាទីដ៏ សកម្មរបស់កម្ពុជា ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ ដែលឈានដល់កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំអាស៊ានជាគោលការណ៍ ក្នុងការទទួលទីម័រឡេស្ដេជាសមាជិកទី១១ របស់អាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី





