Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពីចុះហត្ថលេខា ពង្រីកពាណិជ្ជកម្ម-វិនិយោគ និងវិស័យមួយចំនួនទៀត សរុប ៣៧ ឯកសារ​  ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្ដេជ្ញាជួយកម្ពុជាសម្រេច​បានចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ 

ក្នុងជំនួបទ្វេភាគីមេដឹកនាំកម្ពុជា-ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានឯកភាពគ្នាប្រកាសពូនជ្រំចំណង​សាមគ្គី ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងបានឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង​យុគ​សម័យថ្មីគ្រប់រដូវកាល ជាក់ស្ដែងពេលនេះ គឺបង្កើនពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានទំហំ ធំទៅៗ។

ជំនួបពិភាក្សាដែលធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេច ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង បានផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុប​ចំនួន​ ៣៧ ឯកសារ​។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ជំនួយរបស់​មិត្ត​ចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់​ក្ក្នុងការអភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច, កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ, ហើយដំណើរ​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះ បញ្ជាក់ពីភាពរឹង​មាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបកម្ពុជា-ចិន។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលកន្លងមក លោកធ្លាប់បានអញ្ជើញមកទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាលើកទី១ កាលពីឆ្នាំ២០១៦ , បើនិយាយពី លោក ស៊ី ជីនពីង ផ្ទាល់ បានសម្ដែងភាពកក់ក្ដៅចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលបានស្វាគមន៍រាក់ទាក់យ៉ាងយកចិត្តទុកដាក់ ហើយលោកបានអរគុណចំពោះភាពជិតស្និទ្ធរបស់កម្ពុជា និងការផ្លាស់ប្តូរមិត្តភាពដែលមានរយៈពេលពីរសហស្សវត្សនៃប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ដែលជាតួអង្គក្នុងការអញ្ជើញលោកប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ បានប្រទានពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូនលោក ស៊ី ជីនពីង នៅព្រះបរមរាជវាំង នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ មេសា ២០២៥។ គេឃើញពាក្យពេចន៍ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន លោកប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងថា ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ, សម្រាប់​ខ្ញុំ វា​មាន​អារម្មណ៍​ថា​ ដូចបានទៅ​លេងផ្ទះ​របស់​មិត្ត​ល្អ​ម្នាក់, ខ្ញុំ​សូម​ជូន​ពរ​ចូល​ឆ្នាំ​ថ្មី​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​បង​ប្អូន​ក្នុង​ប្រទេស​កម្ពុជា។

ជាច្រើនឆ្នាំមកនេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត, ជាប្រភពនៃការវិនិយោគដ៏ធំបំផុត, ជាចង្វាក់ផ្គត់ផ្គង់ធំបំផុត និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មធំបំផុតរបស់កម្ពុជា។ យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដូច្នេះផលិតផលកសិកម្មលំដាប់ថ្នាក់ខ្ពស់ រួមមាន ចេក ស្វាយ និងមៀន កំពុងចរចានាំចូលទៅប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ មកបង្កើតប្រតិបត្តិការ ដោយដាក់មូលដ្ឋានរឹងមាំសម្រាប់ទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។ 

លោក ស៊ី ជីនពីង បានបញ្ជាក់ក្នុងជំនួបសន្ទនាជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថា ក្រៅពីពាណិជ្ជកម្មនិងវិនិយោគ, ចិនប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតជាមួយកម្ពុជា រួមមាន នយោបាយ, សន្តិសុខ ការពារជាតិ , ជំរុញទេសចរចិនកាន់តែ​ច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីន បន្ត​​ជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនដល់កម្ពុជា ចំនួន ១.០០០កន្លែង​ក្នុងរយៈពេល ៣ឆ្នាំ។ ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់​វិស័យ​ជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រ​កម្ពុជា​យ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេច​បាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×