សៀមរាប ៖ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា(NACD) និងលោក ស៊ីរិនយ៉ា សិទ្ធីឆៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB) ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នាខេត្តសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រួតពិនិត្យ និងពិភាក្សា ទៅលើការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងការងារអនុវត្តន៍ច្បាប់។
ក្នុងឱកាសនោះ លោក ស៊ីរិនយ៉ា សិទ្ធិឆៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ភាគីកម្ពុជា ដែលបានផ្តល់កិច្ចសហការ ធ្វើការរួមគ្នាយ៉ាងល្អ លើការងារបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រឿងញៀន និងព្យាបាលស្តារនីតិសម្បទា អ្នញៀនគ្រឿងញៀន ពិសេសការបង្ការទប់ស្កាត់ បទល្មើសគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃ នាំមកនូវភាពសុខសាន្ត ការអភិវឌ្ឍជូនប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ តាមរយ:គម្រោងសុវត្ថិភាពទន្លេមេគង្គ និងភូមិសគ្មានគ្រឿងញៀន។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនាពេលនេះ នឹងរួមគ្នាពិនិត្យឡើងវិញ អំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដែលប្រទេសយើងទាំងពីរ បានខិតខំអនុវត្តន៍រយៈពេល១ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី ថៃ-កម្ពុជា លើកទី១១ ដែលបានរៀបចំនៅខេត្តបូរ៉ីរ៉ាម ប្រទេសថៃ កាលពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានថ្លែងនូវអំណរគុណ ដល់ភាគីថៃ(ONCB) ដែលក្នុងឆ្នាំ២០១៧-២០១៨នេះ បានជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពត្រួតពិនិត្យគ្រឿងញៀន នៅកម្ពុជា រួមមាន៖ការផ្តល់ថវិកា សម្ភារៈ បច្ចេកទេស បណ្តុះបណ្តាលធនធានមនុស្ស លើការងារព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ការងារអនុវត្តន៍ច្បាប់ និងការពង្រឹងប្រសិទ្ធភាព របស់មន្ទីរពិសោធន៍ រកសារធាតុញៀន និងការជួយកសាងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា ដើម្បីគ្រប់គ្រងសភាពការណ៍គ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ សំដៅបង្កើនប្រសិទ្ធភាព ត្រួតពិនិត្យគ្រឿងញៀន នៅក្នុងប្រទេស និងរួមចំណែកជាមួយបណ្តាប្រទេស នៅក្នុងតំបន់សំដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសនៅតាមតំបន់ព្រំដែន៕ ដោយ ៖ បញ្ញាស័ក្តិ