ខេត្តកំពង់ចាម: ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅព្រំដែនកម្ពុជា-ថៃ។ ក្រោមការដឹកនាំពីសំណាក់
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បាននាំអំណោយចែកជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈរជើងនៅសមភូមិមុខក្នុងទិសទី២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ជាមួយនោះមានរថយន្តពីរគ្រឿងសម្រាប់បម្រើការងារក្នុងអង្គភាពទៀតផង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមភូមិមុខ និងសមភូមិក្រោយ និងមានការផ្គូរផ្គង ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នោះ ខេត្តកំពង់ចាម ក៏បានភ្ជាប់សម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យ សម្តេចទេពញាណ ហ៊ុន ណេង ជាអតីតអភិបាល ខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណី ដ៏ល្អផូរផង់មួយនេះ ឲ្យនៅគង់វង្ស ក្នុងន័យផ្សាភ្ជាប់រវាងសមភូមិមុខ និងសមភូមិក្រោយ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានថ្លែងកោតសរសើរ ដល់កងកម្លាំងកងទ័ពឈរជើងនៅសមូរភូមិមុខ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី មិនឱ្យមានការឈ្លាន មិនឱ្យមានអំពើអ្វីមួយកើតឡើងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាព។
សូមជម្រាបថា អំណោយដែលថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកមកចែកជូនកងទ័ព ក្នុងអង្គភាពកងតូចអន្តរាគមន៍លេខ ៦ នាពេលនេះមាន៖ រថយន្តចំណុះ ១២កៅអី ចំនួន ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលធំអន្តរគមន៍លេខ២ ថវិកាចំនួន ៥លានរៀល ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលតូចអន្តរគមន៍លេខ៦ ថវិកាចំនួន ៥០លានរៀល ,ឧបត្ថម្ភនាយទាហាន ពលទាហាន កងពលតូចអន្តរគមន៍លេខ៦ ចំនួន ១,៣៥០នាក់ សរុបថវិកា ៤០លាន៥សែនរៀល និងគ្រឿងបរិភោបមួយចំនួនទៀត ផងដែរ ។
សូមបញ្ជាក់ថាប្រតិភូខេត្តកំពង់ចាមតែងតែលើកទឹកចិត្តដល់កងកម្លាំងប្រដាប់ព្រះពុទ្ធដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានធ្វើឡើងរាល់ឆ្នាំ ហើយសមរភូមិក្រោយរស់នៅដោយសុខសាន្តគឺដោយសមរភូមិមុខដែលពុះពារគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















