Thursday, April 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល សហការរៀបចំសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ក្រោមអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សិក្ខាសាលានេះ មានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ ២៥០នាក់។

ក្នុងមតិស្វាគមន៍ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានមានប្រសាសន៍ថា ផ្អែកលើបរិបទបច្ចុប្បន្ន និងការវិវត្តយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍវិស័យសុខាភិបាល ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសគោលនយោបាយវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានផ្ទេរមុខងារសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តម្រូវការបុគ្គលិកសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់កាន់តែមានការកើនឡើង។ ដើម្បីឆ្លើយតប និងស្ថានភាពទាំងនេះ ជាពិសេសដើម្បីឱ្យស្របទៅនឹងការវិវត្តនៃការជ្រើសរើសនិងគ្រប់គ្រង មន្ត្រីរាជការក្នុងវិស័យសុខាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ទើបតម្រូវឱ្យមាន ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាលឡើង។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ ត្រូវបានតាក់តែងឡើងដោយផ្អែកលើច្បាប់ស្តីពីសហ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ អនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើនទៀត។

ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ត្រូវបានផ្អែកលើស្ថាន ភាពបច្ចុប្បន្នក្នុងវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាជួយគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយជំរុញឱ្យការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ គ្របដណ្តប់ទៅលើក្របខ័ណ្ឌមន្ត្រី សុខាភិបាលទាំង៣ គឺមន្ត្រីសុខាភិបាលជាន់ខ្ពស់ មន្ត្រីសុខាភិបាលមធ្យម និងមន្ត្រីសុខាភិបាលបឋម បានជាមូលដ្ឋាន ក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ដែលទទួលការអប់រំ និងការបណ្តុះបណ្តាល មានបទពិសោធការងារ និងចំណេះដឹង ព្រមទាំងបំពេញការងារក្នុងវិស័យសុខាភិបាល ដែលមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារក្នុងវិស័យសុខាភិបាលនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា សិក្ខាសាលាមួយថ្ងៃពេញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវធាតុចូលបន្ថែមពីថ្នាក់ និងមន្ត្រីបច្ចេកទេសគ្រប់កម្រិតរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្តល់យោបល់បន្ថែមផ្សេងទៀតពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្ដល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល យកទៅរៀបចំ កែលម្អបន្ថែម ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ អាចឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការក្នុងវិស័យសុខាភិបាល ហើយក៏ជាកាលានុវត្តភាពសម្រាប់ឧត្តមប្រយោជន៍ដល់មន្ត្រីរាជការក្នុងវិស័យសុខាភិបាល ដែលខិតខំបំពេញការងារដោយមិនគិតនឿយហត់ ក្នុងការផ្តល់សេវា រួមជាមួយការបណ្តុះបណ្តាលក៏មានរយៈពេលយូរទៀតផង។

សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈ ១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន២ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិនដែលជាថ្នាក់ដឹកនាំនៃក្រសួងទាំង២។ សូមបញ្ជាក់ថារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី