Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់​ជនសង្ស័យ​៤​នាក់​​ ករណីធាក់​ប្លន់​ម៉ូតូ​

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌមានជ័យ បានបើក​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ ក្រុម​ចោរ​ធាក់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​ កាលពី​ជាង​១០​ថ្ងៃមុន ដោយ​សមត្ថកិច្ចឃាត់ខ្លួន​ក្រុមជនសង្ស័យ​បាន​៤​នាក់​ក្នុង​ចំណោម​គ្នា​ប្រមាណ​ជិត៣០​នាក់ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ ៖៤០​នាទី​រសៀល​ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​មុខ​បុរី​ VK ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ ដែលសមត្ថកិច្ចចាប់ខ្លួននោះ​រួម​មាន​ ៖ ១- ឈ្មោះ ណោ​ត សីហា ហៅ ហា អាយុ​១៨​ឆ្នាំ, ២- ឈ្មោះ វ៉ា សា​រ៉ា​យ ហៅ​អូ អាយុ​១៨​ឆ្នាំ, ៣- ឈ្មោះ ចក់ ស៊ី​ម៉ី អាយុ​១៨​ឆ្នាំ, និង៤- ឈ្មោះ គង់ សម្បត្តិ ហៅ​ជ្រូក អាយុ​១៨​ឆ្នាំ ។ ក្រុមជនសង្ស័យ​ទាំង​៤​នាក់​នេះ​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ពួក​នេះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ។

ដោយឡែក​យុវជន​រង​គ្រោះ​ ឈ្មោះ ណិល ពិសិដ្ឋ​សុវណ្ណ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HI-8718​។

សមត្ថកិច្ចបាន​ប្រាប់​ថា៖ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន កម្លាំង​នគរបាល​ខាងលើ​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លា​កក​លេខ​1KQ-7043 ១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក​Vivo ០១​គ្រឿង ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ​ ណោ​ត សីហា ហៅ​ហា ។ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ​ 1LB-0166 ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ ចក់ ស៊ី​ម៉ី និង​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស លាយ​ក្រហម ស៊េរី​ឆ្នាំ​២០២៥ គ្មាន​ស្លាក​លេខ ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ គង់ សម្បត្តិ ។

សមត្ថកិច្ចបាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ៖ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២​៖៤០​នាទី រសៀល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ​មិត្តភក្តិ​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទៅ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ លុះ​ពេល​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ និង​បក្ខពួក​មាន​គ្នា​ប្រហែល​៣០​នាក់ និង​ជិះ​ម៉ូតូ​ប្រហែល​២០​គ្រឿង បាន​ដេញ​តាម​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

សមត្ថកិច្ចបាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា៖ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ដួល ហើយ​ជនសង្ស័យ​បាន​ស្រែក​គំរាម​កាប់សម្លាប់​ជន​រង​គ្រោះ​ថែម​ទៀត ទើប​យុវជន​រង​គ្រោះ​ក្រោក​រត់​ចេញពី​ម៉ូតូ បន្ទាប់​មក​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ខាងលើ ។

លុះ​១១​ថ្ងៃ​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ រួច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់ទៀត ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×