នៅថ្ងៃទី ៤ ខែកញ្ញានេះ កសិករ ឡេវ៉ាន់ បៀក អាយុ ៦១ឆ្នាំ នៅខេត្តឡុងអាង ប្រាប់ថា លោកទើបលក់គល់ស្រការនាគ ១១៦គល់ ដែលហ្សែនរបស់វាមានការប្រែប្រួលដោយធម្មជាតិ ទៅជាពណ៌លឿងឆ្អៅ បានប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ ។
ស្រការនាគប្រែប្រួលហ្សែន មានពណ៌លឿងឆ្អៅរបស់កសិករឈ្មោះ បៀក នៅខេត្តឡុងអាង ។
ចម្ការរបស់លោកមានអាយុ ២០ឆ្នាំហើយ ហើយមានទំហំ ២.៥០០ ម៉ែត្រការ៉េ ។ កាលពី ២ឆ្នាំមុន លោកកំពុងថែច្បារដំណាំដូចសព្វមួយដង ក៏ចោលភ្នែកក្រឡេកឃើញគល់ស្រការនាគ ដែលផ្លែសាច់ពណ៌ស មានមែក និងផ្លែពណ៌លឿងស្រស់ ។ គាត់យកវាទៅបំបែកបង្កាត់ពូជ ។
ផ្លែស្រការនាគពេលទុំពណ៌លឿងឆ្អៅ ។
លោកគ្រាន់តែប្រាប់យ៉ាងខ្លីថា ៖ ជាមធ្យមលើផ្ទៃដី ១០០០m² ប្រសិនលោកដាំប្រហែល ១០០គល់ វាផ្តល់ចំណេញប្រមាណ ២០០លានដុង (ជាង ៩.០០០ USD) ក្នុង១ឆ្នាំនោះ ចំពោះផ្លែស្រការនាគលឿងវិញ គាត់ទទួលបានប្រាក់ចំណេញដល់ទៅ ៥ដង គឺប្រមាណ ៤៥.០០០ដុល្លារឯណោះ ។
លោករៀបរាប់ពីដំណើរវិវត្តន៍ស្រការនាគលឿងនេះថា ពេលផ្លែវានៅខ្ចី វាមានពណ៌លឿងស្រាល និងលឿងបៃតង ពេលទុំវាប្រែទៅជាពណ៌លឿងឆ្អៅ ហើយបើទុកឲ្យទុំជោរនោះវាក្លាយជាពណ៌ក្រហមគួរឲ្យចម្លែកភ្នែកណាស់ ។ សំបកលឿង តែសាច់ពណ៌ស ផ្អែមត្រជាក់ខ្លាំងជាងស្រការនាគធម្មតា ។ ពិសេសទៀតគឺទោះបីទុកនៅលើដើម ក្រោយពេលទុំរាប់ខែក៏វាមិនខូចដែរ ។
ផ្លែខ្លះមានទម្ងន់ដល់ទៅ ១,៥ kg ។
ផ្លែស្រការនាគលឿងរបស់លោកបៀក កំពុងធ្វើឲ្យរញ្ជួយពិភពអ្នកច្បារ ។
ផ្លែស្រការនាគលឿងនៅម៉ាឡេស៊ី ។
គួរកត់សម្គាល់ថា ស្រការនាគលឿងរបស់ម៉ាឡេស៊ីមានតម្លៃប្រមាណពី 30$-35$ លើទីផ្សារវៀតណាមបច្ចុប្បន្ន ៕ ចន្ទ្រា