ខេត្តសៀមរាប ៖ សាលាដំបូងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មាន : ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ។
សាលាដំបូងខេត្តសៀមរាប គូសបញ្ជាក់ថា ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។
ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃ នោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន សាលាដំបូងខេត្តសៀមរាប អះអាងនៅគ្រប់ដំណាក់កាលនីតិវីធីរបស់តុលាការ ឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលបានគេចវេស មិនសហការ នឹងមិនដែលចូលខ្លួនតាមការកោះហៅឡើយ។
សាលាដំបូងអះអាងថា ឆ្លងការការពិភាក្សាដេញដោល
និងពិនិត្យភស្តុតាងឃើញថា អំពីរបស់ឈ្មោះឈ្មោះ ចិន ស្រីដា ធ្វើដាក់កូនបំណុលមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍ ទើបសម្រេចចិត្តដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លាន និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោស។
សាលាដំបូងអះអាងថា ការសម្រេចរបស់អង្គជំនុំជម្រះគឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ចំពោះភាគីពាក់ព័ន្ធក្នុងសំណុំរឿង។
សាលាដំបូងខេត្តសៀមរាបក៏បានអះអាងថាក្រោយពីតុលាការសម្រេចបែបនេះ មេធាវីរបស់ឈ្មោះ ចិន ស្រីដា បានដាក់ពាក្យប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ហើយបច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដៃរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង៕ រក្សាសិទ្ធដោយ៖សុទ្ធលី










