Thursday, April 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកាត់ជំនួយ USAID កំពុងជះឥទ្ធិពលអវិជ្ជមានជាសាកល លើសហរដ្ឋអាមេរិកវិញផងដែរ 

បន្ទាប់ពីការកាត់បន្ថយជំនួយ ចំណាយសាធារណៈ ដោយប្រកាសកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយបង្កកជំនួយ ហិរញ្ញវត្ថុរបស់ ទីភ្នាក់ងារ អាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រមាណ ៩២% រយៈពេលប្រមាណ ៩០ថ្ងៃ ដើម្បីពិនិត្យ និងសិក្សាឡើងវិញ ក្នុងករណីនេះអាចអនុញ្ញាតឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ សន្សំថវិកាបាន ប្រមាណ ៦០ពាន់លានដុល្លារអាមេរិក ប៉ុន្តែបានជិះឥទ្ធិពលអវិជ្ជមានទៅលើបណ្ដាប្រទេសជាច្រើនជាពិសេសប្រទេសកំពុងអភិវឌ្ឍ ដូច កម្ពុជាជាដើម។
 
កាលពីខែកុម្ភៈកន្លងទៅ លោក   ម៉ារកូ រូប៊ីយ៉ូ  រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្រេចប្រកាស លុបចោល ជាស្ថាពរ កម្មវិធីជំនួយអភិវឌ្ឍន៍ចំនួន ៥៨០០គម្រោង នៅជុំវិញសាកលលោក ក្រោមក្របខ័ណ្ឌជំនួយរបស់ទី ភ្នាក់ងារ USAID  អាមេរិក ដោយរក្សាទុកតែប្រមាណ ៥០០កម្មវិធី ដែលត្រូវចំណាយអស់ ៥៤ពាន់លានដុល្លារ ក្នុងគោលបំណងកាត់បន្ថយចំណាយសាធារណៈរបស់សហរដ្ឋអាមេរិក និងបានថ្លែងក្នុងទូរទស្សន៍ FOX News  ថា «សហរដ្ឋអាមេរិក មិនមែនជាអង្គការ សប្បុរសធម៌ សម្រាប់ពិភពលោកនោះទេ»។ ទោះជាយ៉ាងណាក្ដី  ក្រសួងការបរទេសអាមេរិក បាន បញ្ជាក់បន្ថែម ថា USAID នឹងបន្តធានារ៉ាប់រងផ្តល់ ជំនួយចាំបាច់ខ្លាំងពាក់ព័ន្ធទៅនឹងជំនួយ ស្បៀង អាហារ និងការព្យាបាលអ្នកជំងឺស៊ីដា របេង និង គ្រុនចាញ់ ។

ការណ៍នេះ មិនត្រឹមតែប្រទេសដែលកំពុងទទួលជំនួយបានសម្ដែងការសោកស្ដាយនោះឡើយ ប៉ុន្តែសូម្បីតែសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល ប្រមាណចំនួន ១៦០អង្គការ បានបញ្ចេញប្រតិកម្មសោកស្តាយ ចំពោះ សេចក្តីសម្រេចរបស់ក្រសួងការបរទេស លុបចោល ជំនួយអភិវឌ្ឍអន្តរជាតិ ដែលចូលជាធរមានភ្លាម ថា នឹងបង្កឱ្យមានសោកនាដកម្មថ្មីសម្រាប់ស្ត្រី និងក្មេងៗ នៅលើពិភពលោក និងបានស្នើឱ្យក្រសួងការបរទេសអាមេរិក ត្រួតពិនិត្យ និងវាយតម្លៃជាថ្មីម្ដងទៀតលើការសម្រេចមួយនេះ។ លោកត្រាំ បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ថា ប្រជាជនអាមេរិក គឺជាជម្រើសទី១ របស់លោក (American First) ដូច្នេះហើយ រាល់ការចំណាយនៅក្រៅប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកត្រាំ គឺបាននិងកំពុងស្ថិតក្រោមការគម្រាមកំហែងទាំងអស់ ហើយសកម្មភាពនេះ ក៏នឹងធ្វើឱ្យវិសាលភាពរបស់អាមេរិកផ្ទាល់ធ្លាក់ចុះផងដែរ។

ទោះបីជាមានការលើកឡើងអំពីការកាត់បន្ថយការចំណាយសាធារណៈក្ដី ជាធម្មជាតិនៃសហរដ្ឋអាមេរិក គឺគេតែងតែបើកការចរចារ ហើយសម្រាប់លោកត្រាំ ប្រសិនបើការចរចារនោះមានផលប្រយោជន៍សម្រាប់លោក នោះច្បាស់ណាស់លោកនឹងមានការពិចារណាឡើងវិញជាក់ជាមិនខាន។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ពោលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបង្ហាញអំពីការព្រួយបារម្ភ និងបានលើកឡើងថា «បញ្ហាដែលបានកើតឡើងថ្មីៗនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីសិក្សាពីគ្នា ស្វែងយល់ពីគ្នា និងបង្កើនទំនុកចិត្តរវាងគ្នាបន្ថែមទៀត ហើយគម្រោងសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងអាមេរិក កំពុងបន្តអនុវត្ត ឬចាប់ផ្តើមឡើងវិញ ដោយរួមបញ្ចូលនូវគម្រោងបោសសម្អាតមីន និងគ្រឿងផ្ទុះដែលបន្សល់ពីសង្គ្រាម និងការបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ផងដែរ»។

ប្រទេសវៀតណាម តែងតែត្រូវបានមើលឃើញជាដៃគូយុទ្ធសាស្រ្តដ៏មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកដោយហេតុផលមួយចំនួនដូចជា : ១. វៀតណាមមានទីតាំងភូមិសាស្រ្តយ៉ាងសំខាន់ ពិសេសនៅក្នុងសមុទ្រចិនខាងត្បូងផ្ទាល់ ដែលដើរតួយ៉ាងសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ , និង ២. ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការអំណោយផលលើកម្លាំងពលកម្មជាមួយចំនួនប្រជាជនដ៏ល្អប្រសើរ ធ្វើឱ្យវៀតណាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក និងជាគោលដៅវិនិយោគរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសខាងលិចផ្សេងទៀតផងដែរ។ ការណ៍នេះ បានធ្វើឱ្យវៀតណាមមានសន្លឹកបៀ ចចាជាមួយសហរដ្ឋអាមេរិក។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា គឺមានផលវិបាកមួយចំនួនក្នុងការចចារដោយសារតែទំនាក់ទំនងកន្លងមករវាងប្រទេសទាំងពីរ មិនសូវស៊ីចង្វាក់គ្នាប៉ុន្មានឡើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ទោះបីជារដ្ឋាភិបាលកម្ពុជាព្យាយាមពន្យល់ម្ដងហើយម្ដងទៀតក្ដី ប៉ុន្តែវាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពន្យល់ និងស្វែងរកនូវចំណុចរួមណាមួយជាមួយសហរដ្ឋាអាមេរិកបន្ថែមទៀត។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) បានលើកឡើងថា «ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តលើកកម្ពស់លើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការអភិវឌ្ឍនៃប្រទេសកម្ពុជា សហរដ្ឋអាមេរិក គួរពិចារណាក្នុងកាបន្តផ្តល់ជំនួយសម្រាប់គម្រោង USAID ជាច្រើននៅកម្ពុជា ទាំងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ជាពិសេសលើវិស័យសង្គមស៊ីវិលនៅកម្ពុជា ព្រោះសង្គមស៊ីវិលក៏ដើរតួនាទីសំខាន់សម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អផងដែរ ចំពោះវៀតណាម និងសហរដ្ឋអាមេរិក ខ្ញុំមិនបានដឹងច្បាស់ពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទូត រវាងប្រទេសទាំងពីរកម្រិតណាទេ ដូចជាអាមេរិក ជួយវៀតណាម រឿងស៊ីម៉ាក់ (ដោះម៉ីន)អាមេរិកក៏គួរតែជួយកម្ពុជាដែរ»។

គួរបញ្ជាក់ដែរថា កម្ពុជាតែងតែទទួលជំនួយពី USAID  ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលបានជួយអភិវឌ្ឍដល់កម្ពុជាលើវិស័យមួយចំនួន ដូចជា វិស័យ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ ស្បៀងអាហារ សុខាភិបាល និងវិស័យ អប់រំ ផងដែរ ដែលមានទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ។ ការកាត់បន្ថយថវិការបស់ USAID បានរីករាលដាលពាសពេញសាកលលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលពឹងផ្អែកលើជំនួយបរទេស ដើម្បីដោះស្រាយបញ្ហាដែលអូសបន្លាយយូរមកហើយ ដូចជា ការកាត់បន្ថយភាពក្រីក្រ វិបត្តិសុខភាព ការប្រែប្រួលអាកាសធាតុ និងអស្ថិរភាពនយោបាយ ជាដើម៕ រក្សាសិទ្ធដោយ៖CEN