Thursday, April 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការធ្វើចរាចរ ការចែកចាយ ការលក់ផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក និងមិនមានសារព្រមានសុខភាព

ភ្នំពេញ ៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានចេញសេចក្តីជូនដំណឹងថា ៖
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្នុងរយៈពេលកន្លងមកនេះ ទោះបីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ហាមឃាត់ការធ្វើចរាចរ ការចែកចាយ ការលក់ផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក និងមិនមានសារព្រមានសុខភាពក៏ដោយ ក៏រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនៅតែសង្កេតឃើញមានសកម្មភាពទាំងនេះនៅតែបន្តកើតមានឡើង។

សកម្មភាពទាំងនេះ ជាការប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងៗទៀត និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនស្របច្បាប់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលនៅតែបន្តកើតមានឡើង និងទប់ស្កាត់ផលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមបញ្ញត្តិនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើនិងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អាណត្តិដោយច្បាប់នឹងចាត់វិធានការនានា ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមិនមានការលើកលែងឡើយ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី