ពិតជាគួរឲ្យរន្ធត់ និងសោកសង្វេគណាស់ ដែលរោងការ បែរប្រែក្លាយទៅជារោងបុណ្យសព ខណៈកូនកំលោះកូនក្រមុំមួយគូកំពុងតែរៀបការ ស្រាប់តែកូនក្រមុំបានគាំងបេះដូងស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកមកចូលរួមកម្មពិធី នាំគ្នាស្លុតចិត្តរកពាក្យនិយាយមិនចេញនោះទេ។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិទួលរកា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
កូនក្រមុំមានឈ្មោះ អ៊ុក ចន្ធី អាយុ ២៩ ឆ្នាំ ត្រូវបានដឹងថា ជាអ្នកក្រក្សត់ណាស់ ខណៈមង្គលការត្រូវបានធ្វើឡើងនៅផ្ទះខាងប្រុស ដែលក៏អត់ដូចគ្នាផងដែរ។ តែអ្វីដែលគួរឲ្យខ្លោចចិត្តខ្លាំងនោះ នាងស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗ ខណៈពេលកំពុងទទួលភ្ញៀវមកចូលរួមមង្គលការ។
យ៉ាងណាមិញ ទាក់ទងនឹងមូលហេតុដែលនាំឲ្យកូនក្រមុំគាំងបេះដូងស្លាប់នេះផងដែរ បើតាមសាច់ញាតិ បានឲ្យដឹងថា កូនក្រមុំមានជំងឺបេះដូង (បេះដូងប្រហោង) ដោយត្រូវបានព្យាបាលវះកាត់សង្គ្រោះជីវិត តាំងពីអាយុ ១២ ឆ្នាំ មកម្ល៉េះ និងក៏ត្រូវបានដឹងថា នាងតែងតែឧស្សាហ៍ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉េតផងដែរ។ តែជាអកុសល នាងត្រូវអស់ជីវិត នៅក្នុងថ្ងៃមង្គលការ ដែលធ្វើឲ្យគ្រប់គ្នាសោកសង្វេគ អាណិតអាសូរជាខ្លាំង៕




