ភ្នំពេញ ៖ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀត អង្គការ FAO Cambodia ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា។
ឯកឧត្តម ឌិត ទីណា – DITH Tina រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍គូសបញ្ជាក់ថា៖ “កសិកម្មគឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងឧស្សហកម្ម។ CAFE25 គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា។”
លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ “ជាលក្ខណៈយុទ្ធសាស្រ្តវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងនិន្នាការជាក់លាក់របស់កម្ពុជាស្របតាមបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកគោលដៅវិនិយោគសំខាន់ៗឱ្យកាន់តែច្រើនតាមរយៈការបើកទូលាយអាជីវកម្មកសិកម្ម និងការបង្កលក្ខណៈងាយស្រួលដល់សហគមន៍កសិកម្មទំនើប រួមទាំងការបង្កបង្កើនផលរបស់ប្រជាកសិករ។ យើងត្រូវរួមគ្នាជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ដោយគោរពទៅតាមទិសស្លោក “មិនទុកនរណាម្នាក់ចោល” និងត្រូវប្រកាន់ខ្ជាប់នូវទស្សនវិស័យរួម ដោយធ្វើយ៉ាងណាសម្រេចឱ្យបានផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតរស់នៅកាន់តែប្រសើរជូនដល់សហគមន៍ គ្រួសារ និងប្រជាកសិករគ្រប់រូប។”
ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងយល់យ៉ាងច្បាស់អំពីសក្តានុពលខ្ពស់នៃវិស័យកសិកម្មកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក។ ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះ តួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវរួមផ្ដុំគ្នាជាធ្លុងមួយ ដើម្បីទាក់ទាញការវិនិយោគ ទាំងនៅថ្នាក់តំបន់ និងសកលលោក ព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ទើបសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។
កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មលើតម្រូវការវិនិយោគតាមប្រភេទមុខទំនិញយុទ្ធសាស្ត្រសំខាន់ៗចំនួន៩រួមមាន ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និងផលិតផលឈើ ដែលស្ថិតក្នុងចង្កោមកម្មវិធីរបស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






