ជីវិតស្រ្តីវ័យក្មេងជាអ្នកបោសសម្អាតតាមដងផ្លូវ បានផ្លាស់ប្តូរស្ទើរមិនគួរឲ្យជឿ បន្ទាប់ពីនាងត្រូវបានអ្នកថតរូបជនជាតិរុស្សី ថតពេលកំពុងធ្វើការនៅទីក្រុងបាងកក ដែលនាំឱ្យមានការចាប់អារម្មណ៍ផ្តល់ជូនការងារម៉ូដែលពីក្រុមហ៊ុនផលិតផល Brand ល្បីៗ។
ខ្សែជីវិតរបស់ Noppajit “Meen” Somboonsate អាយុ ២៨ ឆ្នាំ ដែលជាមេម៉ាយកូនពីរនាក់ បានចាប់ផ្តើមផ្លាស់ប្តូរ គឺនៅពេលដែលការខិតខំប្រឹងប្រែងធ្វើការរបស់នាង បានទាក់ទាញភ្នែកអ្នកថតរូប Semyon Rezchikov ខណៈពេលដែលនាងកំពុងបោសសម្អាតនៅលើផ្លូវដ៏មមាញឹក នៃទីក្រុងបាងកក ដោយនាងមិននឹកស្មានថា Rezchikov បានចាប់យករូបភាពរបស់នាងពីចម្ងាយ ព្រោះតែគាត់ចាប់អារម្មណ៍ពីសម្រស់ធម្មជាតិរបស់នាង។
លោក Semyon Rezchikov បាននិយាយថា គាត់បានថតសកម្មភាពរបស់ Nopppajit នៅលើទូរស័ព្ទរបស់គាត់ និងបានចូលទៅជិត ហើយសរសើររូបសម្រស់របស់នាង។ ប៉ុន្តែ គាត់មិននឹកស្មានថា វាបានរីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីត្រូវបានបង្ហោះចូលទៅក្នុង TikTok ។
អ្នកនិយមលេងអ៊ីនធឺណិត បានចូលមកសរសើរព្រោងព្រាត ពីរូបសម្រស់ស្រ្តីអ្នកបោសសម្អាតតាមដងផ្លូវ ហើយពួកគេក៏ចង់ដឹងពីនាងបន្ថែមផងដែរ។
មិនយូរប៉ុន្មាន នាងត្រូវបានបណ្តាញសង្គមផ្សព្វផ្សាយ និងភ្នាក់ងារបង្ហាញម៉ូដ ក៏បានចាប់ផ្តើមទាក់ទងទៅនាង។
ក្នុងបទសម្ភាសន៍ជាច្រើន ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃ, Noppajit បាននិយាយថា នាងបានធ្វើការជាអ្នកបោសសម្អាតផ្លូវ អស់រយៈពេលប្រហែល១ឆ្នាំហើយ ហើយរីករាយនឹងការងាររបស់នាងខ្លាំងណាស់។
Noppajit បាននិយាយទាំងរំភើបចិត្តថា នាងមិននឹកស្មានថា ខ្លួននាងនឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធើរណែតបែបនេះនោះទេ ហើយនាងក៏អរគុណយ៉ាងខ្លាំងផងដែរ ចំពោះអ្នកថតរូបជនជាតិរុស្ស៊ី Rezchikov ដែលបានជួយកែប្រែខ្សែជីវិតរបស់នាងនាពេលនេះ។
បន្ទាប់ពីមានការចាប់អារម្មណ៍ខ្លាំង នាង Noppajit ត្រូវបានអ្នកតុបតែងមុខថៃដ៏ល្បីឈ្មោះ Chatchai Peanfapichart ហៅ Nong Chat ឱ្យចូលរួមក្នុងវគ្គកែសម្ផស្សដោយឥតគិតថ្លៃ។ លោកបានប្រែក្លាយអ្នកបោសសម្អាតតាមដងផ្លូវ ទៅជារូបភាពបែប Panor ពីរឿងថៃ Art of the Devil 2 (ឡុង ខុង)។
រូបថតអាជីពដែលថតដោយ Nong Chat នៃការផ្លាស់ប្តូររូបសម្រស់របស់ Noppajit បានឆក់យកការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណេតម្តងទៀត ខណៈគ្រប់គ្នាមិននឹកស្មានថា ខ្សែជីវិតអ្នកបោសសំរាមវ័យ ២៨ ឆ្នាំរូបនេះ មានពន្លឺរស្មី និងលេចមុខមាត់ល្បីនៅក្នុងប្រទេសថៃបែបនេះសោះឡើយ។
ក្រោយមក នាង Noppajit ត្រូវបានផ្តល់ឱកាសឱ្យធ្វើការងារថតម៉ូដែល សម្រាប់គ្រឿងសំអាង Browit របស់ Nong Chat និងទទួលបានការផ្តល់ជូនសម្រាប់ការសហការពីម៉ាកល្បីៗផ្សេងទៀត និងភ្នាក់ងារទីផ្សារផងដែរ៕












