Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីម្ចាស់ដេប៉ូខ្សាច់ អាជីវកម្មផលិតបេតុង លាយស្រេច និងសាធារណជនជ្រាបថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យចេះ ប៉ះពាល់ដល់គុណភាពបេតុង និងបណ្តាលឱ្យសំណង់គ្មានសុវត្ថិភាពស្របតាមស្តង់ដា បច្ចេកទេស។

ក្នុងន័យនេះ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ សំដៅការពារនូវអាយុជីវិតមនុស្ស រក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុហាមដាច់ខាតការលក់ដូរ ឬការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ។ ក្នុងករណីក្រុមការងាររដ្ឋបាលខេត្ត ពិនិត្យរកឃើញថាមានការ លក់ដូរ ឬមានការប្រើប្រាស់ប្រភេទខ្សាច់ដូចបានជម្រាបជូនខាងលើជាវត្ថុធាតុដើមក្នុងការលាយបេតុង ឬប្រើប្រាស់ក្នុង វិស័យសំណង់ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

បញ្ឈប់រាល់សកម្មភាពអាជីវកម្ម និងការសាងសង់សំណង់គ្រប់ប្រភេទ

ទទួលរងនូវពិន័យរដ្ឋបាល និង/ឬឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីម្ចាស់ដេប៉ូខ្សាច់ អាជីវកម្ម ផលិតបេតុងលាយស្រេច និងសាធារណជនជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាល ក្រុង-ស្រុក និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្ត តាមខ្លឹមសារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី