ពិតណាស់ ជាទូទៅ អ្នកធ្វើដំណើរតាមម៉ូតូភាគច្រើន តែងតែជិះពុំមានសណ្តាប់ធ្នាប់ដោយពុំខ្លាចមានគ្រោះថ្នាក់សោះឡើយ ដោយតែងសង្កេតឃើញបើកបរលើគន្លងកណ្តាល (ផ្លូវឡាន) ដោយពុំប្រកាន់ខ្ជាប់បើកលើគន្លងស្តាំជាយផ្លូវ ដែលជាសិទ្ធិអាទិភាពរបស់ខ្លួននោះទេ។
យ៉ាងណាមិញ គ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយរវាងម៉ូតូ និងឡាន ដែលត្រូវបានប្រជាពលរដ្ឋបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ បានបង្កឲ្យមានការវែកញែកព្រោងព្រាត ខណៈមតិជាច្រើនបានស្តីបន្ទោសថា ទាំងឡាន និងម៉ូតូ គឺរួមចំណែកខុសទាំងសងខាង តែមតិភាគច្រើនថា ៩០% ម៉ូតូខុសច្រើនជាង ព្រោះជិះលើគន្លងផ្លូវឡាន។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញបុរសម្នាក់ បានបើកម៉ូតូឡើងវ៉ាខាងឆ្វេងរថយន្តដទៃ ប៉ុន្តែ បន្ទាប់ពីវ៉ាជែងរួច បុរសនោះពុំបានចូលអែបកៀនលើគន្លងស្តាំរបស់ខ្លួននោះទេ ដោយនៅតែបើកលើគន្លងកណ្តាល (ផ្លូវឡាន), ជាហេតុធ្វើឲ្យរថយន្តមួយគ្រឿង ដែលបើកបរដោយស្រ្តីម្នាក់ ដែលពលរដ្ឋបញ្ជាក់ថាទំនងជាជនជាតិចិន បានបត់មិនប្រុងប្រយ័ត្ន ជាហេតុបណ្តាលឲ្យម៉ូតូបុកនឹងឡានយ៉ាងពេញទំហឹង ម៉ូតូដួលខ្ទាតទៅផ្លូវម្ខាងតែម្តង។ តែនេះចាត់ទុកជាសំណាងហើយ ដែលពុំមានរថយន្តបើកបរមកពីខាងមុខ ពុំនោះទេ បុរសបើកម៉ូតូនោះ អាចនឹងមានគ្រោះប៉ះពាល់ដល់អាយុជីវិតក៏ថាបាន។
តែទន្ទឹងនឹងមតិមហាជនទូទៅថា ឡានបើកបត់ឡប់ៗ ពោលគឺចង់បត់ គឺបត់រ៉ុយចឹងម៉ង ក៏មានមតិជាច្រើន បាននាំគ្នាស្តីបន្ទោសអ្នកជិះម៉ូតូថា៖ ម៉ូតូក៏ចឹង ជិះខុសគន្លងរបស់ខ្លួន តើផ្លូវមួយណាជាផ្លូវម៉ូតូហើយផ្លូវមួយណាជាផ្លូវឡាន បើម៉ូតូជិះលើគន្លងស្តាំ (ផ្លូវម៉ូតូ) ប្រហែលអត់មានគ្រោះថ្នាក់កើតឡើងអញ្ចឹងទេ!៕






