ភ្នំពេញ ៖ គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិ Keisuke Honda បានថ្លែងថា៖ ខ្ញុំនឹងផ្ដល់បទពិសោធន៍ខ្ញុំទាំងអស់ដល់ក្រុម ជម្រើសជាតិកម្ពុជាក្នុងគម្រោងនេះ។ នេះជាលើកដំបូងនៃការងាររបស់ខ្ញុំ។ យើងមានកីឡាករដែលមានទេពកោសល្យនៅទីនេះ ហើយខ្ញុំសង្ឃឹមថានឹងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តចំពោះការងារនេះ។ ការថ្លែងនេះនៅពហុកីឡដ្ឋានជាតិល្ងាចនេះ ពេលមកបង្វឹកលើកដំបូងមុនជម្រើសជាតិជួប ម៉ាឡេស៊ីថ្ងៃទី ១០ កញ្ញា ខាងមុខ។
គ្រូបង្វឹកដែលត្រូវបានតែងតាំងកាលដើមខែមិថុនា ដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះបញ្ជាក់បន្តទៀតថា លោកចង់ឈ្នះការប្រកួតទល់នឹង ម៉ាឡេស៊ី ខាងមុខទោះជាលើកដំបូងរបស់នៃការចាប់ផ្ដើមហ្វឹកហាត់ក៏ដោយ។ អតីតកីឡាករជប៉ុនរូបនេះ បន្តថាត្រូវតែស្វែងរកចំណុចខ្លាំង និង ចំណុចខ្សោយរបស់កីឡាករបន្ថែមទៀតរហូតដល់ជួបម៉ាឡេស៊ី។
អតីតកីឡាករ AC Milan , Pachuca និង CSKA បញ្ជាក់ថា ការហ្វឹកហាត់រាល់ថ្ងៃត្រូវតែធ្វើឲ្យល្អប្រសើរឡើងលើការងារជាក្រុម ហើយអ្វីដែលចម្បងនោះគឺផ្លាស់ប្ដូរជម្រើសជាតិឲ្យល្អប្រសើរឡើង។ លោកថានឹងព្យាយាមជួសជុល រាល់បញ្ហាខ្វះខាតកន្លងមក។
គ្រូបង្វឹកថ្មី Keisuke Honda បានប្តេជ្ញាក្នុងការបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ឲ្យបានល្អបំផុត និងទទួលជ័យជម្នះ ពេលជួបម៉ាឡេស៊ី នាសប្តាហ៍ក្នុងមិត្តភាពអន្តរជាតិ ។ បុរសវ័យ ៣៣ឆ្នាំជនជាតិជប៉ុន Honda បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងថ្ងៃបង្វឹកដំបូងនៅពហុកីឡដ្ឋានជាតិថា “ខ្ញុំរីករាយនៅទីនេះ និងសិក្សាឲ្យបានស៊ីជម្រៅពីក្រុមកម្ពុជា ដើម្បីទទួលបានជ័យជន្នះ ពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្រោយ”។
កីឡាករខ្សែប្រយុទ្ធដែលទើបប្រកាសលាឈប់ ពីក្រុមជម្រើសជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកបានទទួលដំបូន្មាន ក៏ដូចជាវិធីសាស្ត្រ ក្នុងការដឹកនាំពីក្រូបង្វឹកនៃក្លឹប Melbourne Victory ដើម្បីជាបទពិសោធន៍ និងបង្វឹកក្រុមកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាថ្ងៃទី១ របស់ Honda ដែលបានបង្វឹកក្រុមគោព្រៃកម្ពុជា នាល្ងាចថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដើម្បីជួបប្រកួតទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញាសប្តាហ៍ក្រោយ គិតចាប់តាំងពីត្រូវបានតែងតាំងនាថ្ងៃទី១២ ខែសីហាមកនោះ៕ ដោយ ៖ បញ្ញាស័ក្តិ