មានសិស្សក្មេងៗប្រមាណ៥០០នាក់ វ័យពី៣ឆ្នាំទៅ៦ឆ្នាំ រួមជាមួយអាណាព្យាបាលប្រហែល១០០នាក់ បានមកចូលរួមក្នុង ពិធីបើកបវេសនកាលនៅសាលាមត្តេយ្យនាខេត្រ Cat Hoi នៅទីក្រុង Shenzhen ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា។
ក្នុងពិធីនេះមានកម្មវិធីសិល្បៈច្រើន ក្នុងនោះក៏មានឆាកឈុតសម្ដែងរាំបង្គោលរបស់នារីម្នាក់ស្លៀកពាក់បែបស្រើបស្រាល ធ្វើឱ្យក្រុមអាណាព្យាបាលខឹងសម្បាយ៉ាងខ្លាំង។ ក្រោយពេលខ្សែវីដេអូពិសេសនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម Weibo បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បញ្ចេញវាចាជេរប្រទេចផ្ដាសា។
នាយកសាលាមត្តេយ្យបានឆ្លើយដោះសាថា គោលបំណងនៃការអញ្ជើញអ្នករាំបង្គោលមកសម្ដែង ព្រោះតែចង់ឱ្យសិស្ស មត្តេយ្យសាលាបានស្គាល់បន្ថែមពីប្រភេទសិល្បៈមួយថ្មី។យ៉ាងនេះក្ដី ក៏ការិយាល័យអប់រំនៃទីក្រុងនេះបានចេញសេចក្ដី ប្រកាសសុំទោស ព្រមទាំងបានមបញ្ជាក់ថា គេបានដកហូតតំណែងនាយកសាលានេះ ព្រមទាំងស្នើឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត។
ប៉ុន្ដែអ្វីៗបានហួសផុតទៅហើយ ខណៈអាណាព្យាបាលជាច្រើនបានសុំដកហូតឯកសារដើម្បីយកកូនទៅរៀននៅសាលាមត្តេយ្យផ្សេងវិញ៕ លីសា