ព្រះសីហនុ៖ ភ្ញៀវទេសចរ និងអាជីវករមានតូបលក់ដូរនៅតាមឆ្នេរមួយចំនួន នាខេត្តព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះសកម្មភាព របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនាំយកតូបលក់ភេសជ្ជៈ តុ និងឆត្រ យកទៅដាក់ពង្រាយនៅតាមឆ្នេរខ្សាច់ ឬនៅលើឆ្នេរសមុទ្រ ថាបានប៉ះពាល់ដល់សោភ័ណភាពបរិស្ថានឆ្នេរ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាតាមឆ្នេរសមុទ្រ។
ទាំងភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរ ថ្លែងហួសចិត្ត ចំពោះសកម្មភាព របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដែលនាំយកតូបលក់ភេសជ្ជ តុ និងឆត្រ ទៅដាក់ពង្រាយនៅលើមាត់សមុទ្រ ឬឆ្នេរខ្សាច់ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់និងសោភ័ណភាពឆ្នេរមួយចំនួន មានដូចជា៖ ឆ្នេរខ្សាច់អូរឈើទាល ឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុន និងឆ្នេរឯករាជ្យជាដើម ក្នុងគម្រោងជួល ប្រកួតប្រជែងជាមួយប្រជាពលរដ្ឋបែបនេះទេ។
អាជីវករឆ្នេរអូរឈើទាល បានប្រដូចសកម្មភាព របស់រដ្ឋបាលខេត្តព្រះសីហនុថា ជាការដណ្តើមមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ពួកគេ ជាពិសេសការដាក់ពង្រាយ ស្តង់ តុ និងឆត្រ នៅតាមមាត់សមុទ្រមួយចំនួន បាននាំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរខ្សាច់ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលដើរលំហែកម្សាន្តតាមឆ្នេរ ឬមាត់សមុទ្រ ពិសេសឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន។
ផ្តើមពីបញ្ហានេះ ទាំងភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរមួយចំនួន ប្រកបរបរលក់ដូរនៅតាមឆ្នេរអូរឈើទាល បានស្នើដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍នាំយកតូបលក់ភេសជ្ជ តុ និងឆត្រទាំងនោះ យកទៅដាក់នៅតាមតំបន់ឆ្នេរ ដែលមិនទាន់មានការអភិវឌ្ឍជំនួសវិញ។
ទាក់ទិនបញ្ហានេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៍ថា តូបលក់ភេសជ្ជ តុ និងឆត្រ ដែលសាលាខេត្ត នាំយកទៅពង្រាយនៅតាមឆ្នេរមួយចំនួន ត្រូវបានឧបត្ថមពីក្រុមហ៊ុនខែមបូអែដ ផ្តល់មកឲ្យសាលាខេត្ត។ លោកថា សម្ភារទាំងនោះ រដ្ឋបាលខេត្តមានគម្រោង រកទីតាំងនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួន នាខេត្តព្រះសីហនុ សម្រាប់ដាក់ជួលឲ្យអាជីវករ ឬប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ ដើម្បីឲ្យរដ្ឋបាលខេត្តមានខ្ទង់ថវិកា សម្រាប់ចំណាយទៅលើការងារថែរក្សាសំអាតអនាម័យ បរិស្ថានឆ្នេរនីមួយៗ ឲ្យមានសោភ័ណភាពថែមទៀតនាថ្ងៃខាងមុខ។
ករណីនេះ លោក ឈិន សេងងួន បញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបានផ្អាកសកម្មភាពនាំយកតូបលក់ភេសជ្ជ តុ និងឆត្រនេះ ជាបណ្ដោះអាសន្ន ដោយទុកពេលស្វែងរកទីតាំងសម្រាប់ដាក់សម្ភារទាំងនោះ ឲ្យបានត្រឹមត្រូវជាមុនសិន ព្រោះមិនអាចយកទៅដាក់នៅលើឆ្នេរខ្សាច់បានទេ។
លោកបន្តថា ករណីនេះកន្លងមកក្រុមការងារសាលាខេត្ត បានចុះស្រាវជ្រាវ និងសិក្សារកទីតាំង នៅតាមតំបន់ឆ្នេរនានា ដែលមិនប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថានឆ្នេរខ្សាច់ និងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលចូលមកសំរាកកម្សាន្តនៅតាមឆ្នេរអូរឈើទាល និងឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុនជាដើម។
បញ្ហានេះដែរ មន្ត្រីទីចាត់ការរដ្ឋបាលខេត្តព្រះសីហនុ ក៏ឲ្យដឹងដែរថា អាជ្ញាធរមានគម្រោងនាំយក តូបលក់ភេសជ្ជជាង ៥០ តុ និងឆត្រជាង ១០០ឈុត យកទៅដាក់ពង្រាយនៅតាមឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល ឆ្នេរអារីស្តុន និងឆ្នេរផ្សេងទៀត ដើម្បីដាក់ជួលឲ្យប្រជាពលរដ្ឋ ឬក្រុមអាជីវករ ដែលចង់ជួលធ្វើអាជីវកម្មក្នុងតម្លៃសមរម្យ។ ប៉ុន្តែលោកថា គម្រោងនេះ រដ្ឋបាលខេត្ត មិនទាន់ដាក់ឲ្យដំណើរការនៅឡើយទេ ដោយទុកពេលស្វែងរកទីតាំងឲ្យបានត្រឹមត្រូវជាមុន ដើម្បីជៀសវាងប៉ះពាល់ដល់ការប្រកបរបរអាជីវកម្ម របស់ប្រជាពលរដ្ឋ នៅតាមឆ្នេរនីមួយៗ ជាពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាតាមតំបន់ឆ្នេរនាថ្ងៃអនាគត។
យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករឆ្នេរអូរឈើទាល និងភ្ញៀវទេសចរជាតិ បានរិះគន់ថា មិនគួររដ្ឋបាលខេត្តព្រះសីហនុ នាំយកស្តង់ ឬតូបលក់ភេសជ្ជ តុ និងឆត្រ មកដាក់ពង្រាយនៅលើឆ្នេរខ្សាច់ នៅចំពីមុខតូបលក់ដូរ របស់ប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃបែបនេះទេ។
បញ្ហានេះដែរ អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម និងភ្ញៀវទេសចរជាតិ បានស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវនាំយកតូបលក់ភេសជ្ជទាំងអស់ចេញពីឆ្នេរអូរឈើទាល ឆ្នេរអារីស្តុន និងឆ្នេរឯករាជ្យជាដើម ទៅដាក់នៅដោយប្តូរទៅដាក់ពង្រាយ នៅតាមឆ្នេរមួយចំនួន នាខេត្តព្រះសីហនុ ដែលមិនទាន់មានការអភិវឌ្ឍ ឬមិនទាន់មានអាជីវករលក់ដូរ ទើបប្រសើរជាជាង នាំយកទៅដាក់ពង្រាយនៅមុខតូបលក់ដូរប្រជាពលរដ្ឋ ដែលមានការអភិវឌ្ឍស្រាប់រួចហើយនោះទេ៕ ដោយ៖ ដែន សីមា