ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក។
លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៥) មានពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោកស្រីបន្តថា៖ តួលេខនេះ បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមកគឺមានការកើនឡើងប្រមាណ ២១%។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ថា៖ ក្នុងចំណោមទាំង២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង២ម៉ឺននាក់ ខេត្តបាត់ដំបងលេខ២ មានចំនួនអ្នកជិះជាង១ម៉ឺន៣ពាន់នាក់និងខេត្តបន្ទាយមានជ័យទទួលបានចំណាត់ថ្នាក់លេខ៣ ដោយមានចំនួនអ្នកជិះជាង១ម៉ឺន២ពាន់នាក់។
គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕ រក្សាសិទ្ធដោយ៖សុទ្ធលី















