ព្រះសីហនុ ៖ រសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAJIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ នៅកំពង់ផែមូលដ្ឋានសមុទ្ររាម។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយឧត្តមនាវីទោ IKEUCHI Izuru មេបញ្ជាការកងកម្លាំងប្រយុទ្ធប្រឆាំងមីន ទាំងលើគោក និងផ្ទៃទឹក អមដំណើរដោយមេបញ្ជាការនាវាទាំងពីរ និងលោកនាយការិយាល័យសេនានុព័ន្ធជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម គោលបំណងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន)។
នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
-លក្ខណៈបច្ចេកទេស នាវា JS BUNGO (MST-464)
+ទម្ងន់ផ្ទុក ៥៧០០ តោន
+បណ្ដោយ ១៤១ ម៉ែត្រ
+ទទឹង ២២ ម៉ែត្រ
+ជម្រៅទឹក ៥,៤ ម៉ែត្រ
+ល្បឿន ២២ knots(៤១km/h)
+មេបញ្ជាការនាវា វរនាវីទោ ថាណាកា គូឈី
-លក្ខណៈបច្ចេកទេសនាវា JS ETAJIMA (MSO-306)
+ទម្ងន់ផ្ទុក ៦៩០ តោន
+បណ្ដោយ ៦៦,៨ ម៉ែត្រ
+ទទឹង ១១ ម៉ែត្រ
+ជម្រៅទឹក ២,៧ ម៉ែត្រ
+ល្បឿន ១៤knots (26km/h
+មេបញ្ជាការនាវា វរនាវីត្រី អូដា តាកាយូគី៕ រក្សាសិទ្ធដោយ៖សុទ្ធលី











































