ខេត្តត្បូងឃ្មុំ: ដើម្បីបង្កើតនូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំគ្នាស្ម័គ្រចិត្តចាក់បាញ់ឆែវនិងនំគ្រក់ដោយធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក។ដោយបានធ្វើឡើងតាំងពីវេលាម៉ោងជាង៧ រហូតដល់វេលាម៉ោងជាង៤រសៀលថ្ងៃទី ១៩មេសា ឆ្នាំ២០២៥ ជាមួយនោះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកចូលរួមទទួលទានអាហារ ដោយសប្បាយ រីករាយមានរហូតដល់រាប់ម៉ឺននាក់ដំបូងគ្រោងធ្វើតែ៣០០០បន្ទះតែមនុស្សមកច្រើនហួសពីការរំពឹងទុកឡើងដល់២៥០០០បន្ទះឯណោះ។
លោកលី ភាលីន អភិបាលស្រុកពញាក្រែកបានឱ្យដឹងថា: ដោយមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរៀបចំកម្មវិធីចាក់បាញ់ឆែវនេះ ត្រូវបានឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្ត បានរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងដើម្បីបង្កើតនៅភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំហានដំបូងត្រូវធ្វើឡើងតែ៣០០០បន្ទះប៉ុណ្ណោះ តែដោយសារល្បីល្បាញតាមប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គមនោះធ្វើឲ្យមនុស្សម្នាមកច្រើនកុះករ
គ្រប់ទិសទី។
អភិបាលស្រុកពញាក្រែកបានបន្តឲ្យដឹងទៀតថា ចំពោះកម្មវិធីចាក់បញ្ឆែវគ្រោងធ្វើឡើងនៅម៉ោង១២ថ្ងៃត្រង់ តែបងប្អូនប្រជាពលរដ្ឋម្នាក់ៗមានភាពសប្បាយរីករាយបាននាំគ្នាធ្វើដំណើរមកតាំងពីម៉ោង៧ ព្រឹក រួមជាមួយនឹងខ្ទះ ចង្ក្រាន ម្សៅសម្រាប់ចាក់បាញ់ឆែវ។
ដូច្នេះខ្ទះសម្រាប់ចាក់បាញ់ឆែវ មានរហូតដល់ជាង១០០ខ្ទះ អំបែងនំគ្រក់ចំនួន៤ក៏បានមកចូលរួមចាក់នំដើម្បីបង្កើតភាពសប្បាយរីករាយ ឱ្យបងប្អូនដែលអញ្ជើញមកលេងបានទទួលទានបណ្ដើរៗ ។ ហេតុតែកម្មវិធីនេះល្បីធ្វើឲ្យមនុស្សមកលេងកាន់តែច្រើនឡើងណែនពេញបរិវេណវត្ត ជាមួយនោះឯកឧត្តមអភិបាលខេត្តរួមជាមួយគណៈកម្មការអាចារ្យវត្តបានត្រាំអង្កររហូតដល់ជាងមួយតោនដើម្បីចាក់បាញ់ឆែវ សម្រាប់ចែកជូនដល់បងប្អូនក្មេងចាស់ប្រុសស្រីទទួលទានដោយឥតគិតថ្លៃ។ជាទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នេះបាននាំគ្នាចូលឆ្នាំតាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០មេសាឆ្នាំ២០២៥ ទើបនាំគ្នាឈប់សម្រាក។ តាមដែលរូបលោកបានដឹងប្រវត្តិចាក់បាញ់ឆែវនេះបានក៏កើតតាំងពីដូនតារាប់រយឆ្នាំមកហើយបន្តរហូតមកដល់បច្ចុប្បន្ន សូមបញ្ជាក់ថាសម្រាប់សណ្ដែកបណ្ដុះត្រូវបានប្រមូលទិញពីគ្រប់ទីផ្សារក្នុងខេត្តត្បូងឃ្មុំ ដើម្បីយកមកផ្គត់ផ្គង់សម្រាប់កម្មវិធីនេះដែលផ្ដួចផ្ដើមពីសំណាក់ឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមអ៊ាងសុផល្លែតរ ដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ។ ហើយនៅឆ្នាំ២០២៦ ខាងមុខរដ្ឋបាលខេត្តនិងរៀបចំកម្មវិធីឲ្យមានច្រើនបែបធ្វើយ៉ាងណារក្សានៅទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើង។
ចំណែកព្រះគ្រូ ណន វិចិត្រ ព្រះចៅអធិការវត្តព្រៃ់អង្គរក្រៅ វិញមានថេរដីកាឲ្យដឹងដែរថាកម្មវិធីចាក់បាញ់ឆែវនេះគឺត្រូវបានរៀបចំមុនរយៈពេល៤ថ្ងៃ លុះមកដល់ថ្ងៃទី១៩មេសា ឃើញថាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយព្រមទាំងភ្ញៀវទេសចរណ៍ធ្វើដំណើរមកក្នុងនោះមាន÷ ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ភ្នំពេញ ប៉ៃលិន និងសៀមរាបជាដើម ហើយនេះជាកម្មវិធីមួយដើម្បីបង្កើតភាពសប្បាយដល់បងប្អូនទើបតែមានលើកទីមួយ ដោយមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករ។ សកម្មភាពដែលពុំធ្លាប់មាននេះ ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលនិងអាវុធហត្ថព្រមទាំងប្រជាការពារតាមដងផ្លូវព្រមទាំងក្នុងបរិវេណពីវត្តអារាម ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




















