Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ សម្រេចបានប្រមាណ ៧០% ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា សំណង់អាងទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អាងទឹកនេះបានធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញស្ទឹងស្លាប់ផងដែរ ដែលស្ទឹងនេះបានជួបស្ថានភាពគោករាក់ធ្វើឱ្យមានការលិចលង់ដីស្រែចំការផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប្រចាំក្នុងរដូវវស្សា បង្កការលំបាកគ្រប់យ៉ាងដល់ខេត្តទាំងពីរខាងលើ។ ការស្តារស្ទឹងនេះគឺដើម្បីជួយរំដោះទឹក និងពង្វាងទឹកដ៏សំខាន់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងធារទឹក ៣០០ ម៉ែត្រគូបក្នុងមួយវិនាទី៕រក្សាសិទ្ធដោយ៖សុទ្ធលី