Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងរួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ

ខេត្តកំពត ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រឹកថ្ងៃចន្ទ ទី២១ មេសា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងរួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រួមមានផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងរួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់ ។ រាជរដ្ឋាភិបាលបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពប្រទាក់ក្រឡាទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ គឺជាសមាសភាគមួយ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការសាកល្បង បានប្រព្រឹត្តទៅយ៉ាងល្អកន្លងមក ទោះបីជាមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ឬជាលក្ខណៈអន្តរជាតិក៏ដោយ, ក៏កំពង់ផែនេះ បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ និង ការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា : កោះរ៉ុង, កោះរ៉ុងសន្លឹម និង កោះស្តេចជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែទេសចរណ៍អន្តរជាតិកំពត គឺជាសមិទ្ធផលថ្មីមួយដែលសម្ពោធក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនគិតគូររៀប​ចំ និងអនុវត្តផែនការវិនិយោគឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុង​ជ្រោយ ដើម្បីប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិ​កំពតនេះ បានយូរអង្វែង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ​បន្ថែម​ទៀត សម្រាប់នាវាធំៗដឹកអ្នកដំណើរ និងភ្ញៀវទេសចរ​ចូល​-ចេញ ឱ្យបានកាន់តែច្រើន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវបន្តលើកកម្ពស់​ការផ្តល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត, ដោយរក្សាតម្លៃសមរម្យ និង ធានាឱ្យបាននូវអនាម័យ និងសោភ័ណភាពនៅទីតាំងកំពង់ផែ, ជាពិសេសពង្រឹងសន្តិសុខ និង សុវត្ថិភាព សម្រាប់បុគ្គលិក អ្នកដំណើរ និងនាវា។ ជាមួយគ្នានេះ, គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀមស្ដីពីប្រតិបត្តិការ និង ការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តកំពត ក៏ត្រូវតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន និង ធានាឱ្យបាននូវស្តង់ដារ និង គុណភាពសេវាកម្មរបស់កំពង់ផែ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យលទ្ធភាពស្វែង រកក្រុមហ៊ុនដៃគូក្រៅស្រុក ដើម្បីពង្រីកប្រតិបត្តិការរបស់កំពង់ផែទេសចរណ៍នេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសផ្សេងៗចេញ-ចូលបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេ ងៗ នៅទីតាំងកំពង់ផែ និង ពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ ដូចជា៖ ការជិះកម្សាន្ត, ការបរិភោគអាហារ, ការរៀបចំពិធីកម្សាន្ត ឬ ទម្រង់ជាទេសចរណ៍តាមនាវានៅតាមព្រែកកំពង់ បាយ ឬ ព្រែកកំពង់សំរោង ជាពិសេសនៅពេលរាត្រី ជាដើម និង ការជំរុញផ្សព្វផ្សាយ ឱ្យកាន់តែ ទូលំទូលាយ សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់តំបន់កម្សាន្តផ្សេងៗ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី​រៀប​ចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយ​បណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅ​លើតែ​សកម្មភាពពាណិជ្ជកម្ម និង ទេសចរណ៍ប៉ុណ្ណោះ ដោយ មិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹកជាមួយបណ្តាប្រទេសជិតខាងនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីមានសមត្ថកិច្ច ដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង ឆាប់រហ័ស និង ប្រកបដោយក្តី រីករាយ និង ភាពជឿទុកចិត្ត ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាល ពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និង បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានប្រើប្រាស់ ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹង ថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការ ទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះនឹងរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុកដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពត និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាអនុគម្រោងមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងជាគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងទេសចរណ៍ ហើយក្រោយមក នាឆ្នាំ២០២០ ត្រូវបានប្រគល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញទទួល បន្ទុកគ្រប់គ្រងបច្ចេកទេស ដើម្បីអនុវត្តបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី